ភ្នំពេញ៖ Grab ដែលជាកម្មវិធីទូរស័ព្ទដ៏អស្ចារ្យ និងឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ បានលើកទឹកចិត្តដល់ដៃគូបើកបរ GrabTukTuk ឆ្នើមៗរបស់ខ្លួនចំនួន ៣៥០ នាក់ក្នុងកម្មវិធីថ្លែងអំណរគុណដែលបានរៀបចំឡើងនៅឯភោជនីយដ្ឋាន ទន្លេបាសាក់ ២ កាលពីថ្ងៃអាទិត្យកន្លងមក ។ ដៃគូបើកបរឆ្នើមជាងគេចំនួន ៥នាក់ ត្រូវបានផ្តល់រង្វាន់ជាពិសេសសម្រាប់ការបំពេញកាតព្វកិច្ចដ៍ល្អរបស់ពួកគាត់ជាមួយ Grab ។
អ្នកបើកបរឆ្នើមទាំង ៥ នាក់នោះ បានឈ្នះរង្វាន់បណ្ណចាក់ហ្គាស ១៨០ ដុល្លារ ១៦០ ដុល្លារ ១៤០ ដុល្លារ ១២០ ដុល្លារ និង ១០០ ដុល្លារអាមេរិក រៀងៗខ្លួន ។
លោក ដួង សុជាតិ ដែលទទួលបានរង្វាន់ជាអ្នកបើកបរ GrabTukTuk ឆ្នើមជាងគេ បាននិយាយថា៖ «នេះជាលើកដំបូងហើយដែលខ្ញុំទទួលបានការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ខ្ញុំ ។ ខ្ញុំមានអារម្មណ៍រីករាយ និងអរគុណយ៉ាងខ្លាំងណាស់» ។ លោក សុជាតិ ធ្លាប់បានប្រើប្រាស់កម្មវិធីកក់យានជំនិះតាមទូរស័ព្ទ២ ឬ៣ ផ្សេងទៀតនៅពេលដែលគាត់ចាប់ផ្តើមបើកម៉ូតូកង់បី ប៉ុន្តែ គាត់បានសម្រេចចិត្តបើកបរឲ្យក្រុមហ៊ុន Grab តែមួយមុខចាប់តាំងពី ខែធ្នូ ឆ្នាំមុន ។ លោកបានបន្ថែមទៀតថា៖ «ខ្ញុំមានអារម្មណ៍ថា មានសុវត្ថិភាពក្នុងការបើកបរជាមួយ Grab ដោយសារមិនដូចកម្មវិធីដទៃទៀតទេ ដោយនៅពេលណាដែលខ្ញុំប្រឈមមុខនឹងបញ្ហាណាមួយ បុគ្គលិករបស់ Grab គឺចេះគួរសម ហើយតែងតែព្យាយាមដោះស្រាយបញ្ហាជាមួយខ្ញុំ» ។
លោក អៀម ធារី អ្នកបើកកម៉ូតូកង់បីឆ្នើមរបស់Grabដែលជាប់ចំណាត់ថ្នាក់លេខ ២ បាននិយាយថា កាលពីមុន គាត់ជាកម្មកររោងចក្រកាត់ដេរ ប៉ុន្តែ បន្ទាប់ពីគាត់បានទិញម៉ូតូកង់បីរបស់គាត់នៅដើមឆ្នាំនេះ ហើយបានបើកបរឲ្យ Grab ប្រាក់ចំណូលរបស់គាត់បានកើនឡើងគួរឲ្យកត់សម្គាល់ ។ លោកបាននិយាយថា៖ «ខ្ញុំអាចរកប្រាក់ចំណូលបានយ៉ាចតិចណាស់ ១០ម៉ឺនរៀល ក្នុងមួយថ្ងៃ ពេលបើកបរជាមួយ Grab ។ ដំបូងឡើយ ខ្ញុំទទួលបានការកក់ពី ៥ ទៅ ៦ដងក្នុងមួយថ្ងៃ ប៉ុន្តែ ឥឡូវនេះ ខ្ញុំអាចទទួលបានការកក់ជិះចន្លោះពី ២០ ទៅ ៣០ដង ក្នុងមួយថ្ងៃ» ។
ក្រៅពីផ្តល់ការលើកទឹកចិត្តដល់ដៃគូបើកបរឆ្នើមរបស់ខ្លួនជាមួយនឹងរង្វាន់ផ្សេងៗ និងការចាប់ឆ្នោតផ្សងសំណាង Grabក៏បានបង្ហាញពីមុខងារថ្មីៗនៅក្នុងកម្មវិធី Grab ដែលអនុញ្ញាតឲ្យពួកគាត់ធ្វើការងារកាន់តែមានប្រសិទ្ធភាព និងបង្កើនសមត្ថភាពនៃការរកប្រាក់ចំណូលរបស់ពួកគេ ។ មុខងារថ្មីៗទាំងនេះទទួលបានការសាទរពីអ្នកបើកបរម៉ូតូកង់បីយ៉ាងខ្លាំង ។
លោក ថូ សុខឃន ដែលជាអ្នកបើកបរម៉ូតូកង់បីឆ្នើមចំណាត់ថ្នាក់លេខ៣ បាននិយាយថា៖ « Grab ផ្តល់ការលើកទឹកចិត្ត និងរង្វាន់ថ្មីៗជាច្រើនដល់អ្នកបើកបរ ។ មានមុខងារល្អៗ មួយចំនួន ដូចជា មុខងារ Heatmap ដែលបង្ហាញយើងពីកន្លែងដែលមានមនុស្សជាច្រើនកំពុងព្យាយាមកក់ជិះGrab ។ ខ្ញុំចូលចិត្តមុខងារពិសេសថ្មីៗទាំងនេះ ហើយសង្ឃឹមថាក្រុមហ៊ុន នឹងបន្តរអភិវឌ្ឍមុខងារដ៏មានប្រយោជន៍ ក៏ដូចជាផ្តល់ការលើកទឹកចិត្ត ជាច្រើនទៀត ។ ទាំងអស់នេះធ្វើឲ្យខ្ញុំសប្បាយចិត្តក្នុងការធ្វើរការជាមួយ Grab» ។
តាមរយៈការប្រើប្រាស់តែកម្មវិធី Grab និងមិនផ្លាស់ប្តូរទៅកម្មវិធីបើកបរផ្សេងៗទៀត ក្រុមហ៊ុន Grab បញ្ជាក់ថា អ្នកបើកបរអាចបង្កើនប្រាក់ចំណូលបានយ៉ាងច្រើន អាចតាមដានការរកប្រាក់ចំណូលរបស់ពួកគេក្នុងពេលជាក់ស្តែង និងអាចទាញយកអត្ថប្រយោជន៍ទាំងស្រុងពីការប្រើប្រាស់មុខងារពិសេសផ្សេងៗ ដែលជួយបង្កើនផលិតភាព និងសុវត្ថិភាពរបស់អ្នកបើកបរជាមួយនឹងកម្មវិធីនេះ៕ វឌ្ឍណា