ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ខណៈកំពុងជិះម៉ូតូត្រូវបានរថយន្តកូរ៉េបើកបុកពីក្រោយអូសជាង១០ម៉ែត្រ កាលពីវេលាម៉ោង១២និង៣០ នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ លើកំណាត់ផ្លូវបេតុង មុខផ្សារ KC(វត្តតាំងកសាង) ស្ថិតក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
សពមានឈ្មោះ ហ៊ួយ គីម ហេង ភេទប្រុស អាយុជាង៣៩ឆ្នាំ មុខរបរជាងម៉ាស៊ីនដេរ តាមរោងចក្រ មានទីលំនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ ជនរងគ្រោះធ្វើដំណើរតាមម៉ូតូម៉ាក ហុងដាឌ្រីមសង់ ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 2911 ។ ចំណែករថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយក្បាលពណ៌ស ដឹកទំនិញពេញ ពាក់ស្លាកលេខ ភ្នំពេញ 3D-1574 បើកបរដោយឈ្មោះ ជោត ផាន អាយុ៤៥ ស្នាក់នៅផ្ទះជួលភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តនឹងម៉ូតូធ្វើដំណើរ ស្របទិសញគ្នា តាមផ្លូវបេតុងមុខផ្សារ KC ក្នុងទិសដៅពីជើងទៅត្បូង ចម្ងាយពីគ្នាប្រហែល២ម៉ែត្រ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែជនរងគ្រោះងាកចង្កូតម៉ូតូឡើងមកមុខរថយន្តទំនងចង់ឆ្លងទៅម្ខាង ព្រោះខាងមុខមានផ្លូវបត់ឆ្វេង ជាហេតុធ្វើឲ្យរថយន្តចាប់ហ្វ្រាំងមិនទាន់ក៏បុកកិនអូសពី ក្រោយជាង១០ម៉ែត្រទើបជាន់ហ្វ្រាំងជាប់ ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយឯកជនដឹកទៅសង្គ្រោះតែជាអកុសលពេលទៅដល់ក្រុមគ្រូពេទ្យបញ្ជាក់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបរថយន្ត សាមុយដឹកមកចំណុចកើតហេតុវិញ ។ បន្ទាប់មកដំណឹងនេះបានដល់ក្រុមគ្រួសារ មកដល់ ដោយមិនអស់ចិត្តថាស្លាប់ បានឲ្យដឹកទៅបន្តសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត តែទោះជាយ៉ាងណាក៏មិនអាចសង្គ្រោះបាន ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រង់ចាំដំណោះស្រាយនៅពេញក្រោយ ចំណែកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ