ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូគេចទ្រូងផ្លូវដួល ត្រូវរថយន្តកិនស្លាប់ម្នាក់ របួសម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ យុវជន២នាក់ជិះម៉ូតូឌុបគ្នាជែងរថយន្តកុងតឺន័រ ហើយជ្រុលគេចខឿនផ្លូវចាប់ហ្វ្រាំងដួលត្រូវរថយន្តមកពីក្រោយកិនស្លាប់ម្នាក់ ចំណែកម្នាក់ទៀតរបួសធ្ងន់ ។
ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ​ឆ្នាំ២០១៩​ នៅចំណុចមុខផ្សារចោមចៅ​ ផ្លូវចោមចៅ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ។
ជនរងគ្រោះឈ្មោះ ជា រតនា​ ភេទប្រុស អាយុ២៤ឆ្នាំ​ មុខរបរកម្មករោងចក្រ​ ស្នាក់នៅតំបន់សេចកិច្ចពិសេស​ សង្កាត់កន្ទោក​ ខណ្ឌពោធិ៍សែនជ័យ​  មានស្រុកកំណើតនៅភូមិអង្គកន្សោម​ ឃុំអង្គកន្សោម​ ស្រុកកំពង់ត្របែក​ ខេត្តព្រៃវែង ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានយុវជន២នាក់ជិះម៉ូតូម៉ាកលេត​ពណ៌​ សពាក់ស្លាកលេខភ្នំពេញ​ 1CF 6616 ធ្វើដំណើរមកពីក្រោយហើយព្យាយាមវ៉ា ខណៈដែលវ៉ាផុតបន្តិចក៏គេចខឿនផ្លូវទើបចាប់ហ្វ្រាំងដួលមុខរថយន្តកិនស្លាប់អ្នកបើកបរចំណែកអ្នកអង្គុយខាងក្រោយរងរបួសធ្ងន់ ។ ភ្លាមនោះរថយន្តបានបន្តដំណើរទៅមុខបាត់ស្រមោល ។
តាមសម្តីជនរងគ្រោះដែលរងរបួសបានឲ្យដឹងថា​ មុនពេលកើតហេតុពួកគេចេញពីបន្ទប់ជួលនៅតំបន់សេចកិច្ចពិសេសបំណងទៅសង្សារនៅស្ទឹងមានជ័យ ដើម្បីទៅរាំលេងសម្សាន្តនៅក្លឹប តែមិនទាន់ដល់ផង ក៏ជួបគ្រោះថ្នាក់បែបនេះ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំក្រុមគ្រួសារមកទទួលយកទៅវិញ ចំណែកសពជនរងគ្រោះប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ​

ចែករំលែក៖