ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា រងខូចខាត និងស្ទះចរាចរណ៍យ៉ាងខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត៣គ្រឿងបើកបុកបន្តកន្ទុយគ្នា ក្នុងនោះមានរថយន្តមួយគ្រឿងរងខូចខាតយ៉ាងដំណំ ហើយក៏មានស្ត្រីម្នាក់រងរបួស និងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង កាលពីវេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ ភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េ ម៉ាកKIA ឃ្លប់ ពណ៌ ស ពាក់ស្លាកលេខ កណ្តាល 3A-0083 ដឹកឥវ៉ាន់រោងចក្រ បើកពីលិចទៅកើត លុះដល់ចំណុចកើតហេតុ បង្អន់ល្បឿន ស្រាប់តែ រថយន្តម៉ាកព្រូស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AM-2651 បើកបរដោយបុរសជនជាតិចិន រួមដំណើរដោយស្ត្រីខ្មែរ អ្នកបកប្រែ បានបើកស្របទិស ហ្វ្រាំងមិនទាន់ជ្រុលទៅបុក ចូលពីក្រោមរថយន្តឃ្លប់ បណ្តាលឲ្យ រងខូចខាត យ៉ាងដំណំ ហើយក៏មានរថយន្ត ម៉ាកតូយ៉ូតា YARIS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-5658 បើកបរដោយស្ត្រីម្នាក់ រួមដំណើរជាមួយ បុរស២នាក់ ស្រី២នាក់ទៀត បើកពីលិចទៅកើត ស្របទិសជ្រុលទៅប៉ះ ពីក្រោយរថយន្តព្រូស​ តែបន្តិចបន្តួច ក៏ប៉ុន្តែ អ្នកជិះក្នុងរថយន្ត YARIS មានស្ត្រីម្នាក់ អុកទង្គិចក្បាល ក្នុងរថយន្ត បណ្តាលឲ្យរងរបួសបាក់ធ្មេញអស់៤គ្រាប់ ។
ក្រោយកើតហេតុ ភាគីទាំង៣ សម្របសម្រួលគ្នា សមត្ថកិច្ចចុះទៅមិនទាន់ដល់ កន្លែងកើតហេតុផង ទាំង៣ភាគី សម្រេចឯកភាពគ្នា យករថយន្តទៅជួសជុលរៀងខ្លួន ដោយគ្មានអ្នកណាសងខាងណា ៕ សុខាសែនជ័យ​

ចែករំលែក៖