ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្តារិចសង្ស័យប្រើប្រាស់ល្បឿនលឿន បុកពីក្រោយគោយន្តសណ្ដោងរ៉ឺម៉កដឹកគ្រែ ខ្ទេចគ្មានសល់

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្តស្តារិចមួយគ្រឿង បានបុកគោយន្តសណ្ដោងរ៉ឺម៉កដឹកគ្រែពីក្រោយយ៉ាងពេញទំហឹង លឹសូរដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរចោមរោមមើល សំណាងមនុស្សមិនរងរបួស ខណៈសង្ស័យរថយន្តប្រើប្រាស់ល្បឿនលឿន ។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី ២ ខែ​សីហា​​ ឆ្នាំ​២០១៩​ លើ​ផ្លូវ​ជាតិ​លេខ​១​ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​១៣៣ និង១៣៤ ត្រង់ចំណុច​ភូមិ​ព្រៃសម្ភរ័​​ ឃុំ​សំបួរ​​ ស្រុក​​ស្វាយទាប​ ​ខេត្ត​ស្វាយរៀង​ ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា អ្នកបើកគោយន្តសណ្ដោងរ៉ឺម៉កដឹកគ្រែមានឈ្មោះជុច ភៀន​ ភេទ​ប្រុស ​អាយុ​៣២ឆ្នាំ​ មុខរបរ​លក់​ដូរ​ រស់នៅ​ភូមិ​ចុង​ដូង​ឃុំចុងដូងស្រុកបារាយណ៍ខេត្តកំពង់ធំ ខណៈសម្ភារគ្រែខូចខាតទាំងស្រុង ។

ចំណែកអ្នកបើករថយន្តត្រូវបានស្គាល់ឈ្មោះ ភោគនី​ ភេទ​ប្រុស ​អាយុ​៤៤ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ រស់នៅ​ភូមិ​លៀប​ឃុំ​កណ្តៀងរាយ​​ ស្រុក​​ស្វាយទាប​ ខេត្ត​ស្វាយរៀង​​ ចំពោះរថយន្តខូចខាតផ្នែកខាងមុខទាំងស្រុង ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានបើកគោយន្តសណ្ដោងរ៉ឺម៉កដឹកគ្រែមួយគ្រឿងក្នុងទិសដៅពីកើតទៅលិចលើកំណាត់ផ្លូវជាតិលេខ១ លុះមកដល់ចំណុចកើតហេតុស្រាប់តែមាន

រថយន្ត​​មួយ​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ ស្តារ៉ិច​ ពណ៌​ផ្ទៃមេឃ ​ចាស់​ គ្មាន​ស្លាកលេខ​ ធ្វើដំណើរស្របទិសគ្នាសង្ស័យប្រើប្រាស់ល្បឿនលឿនបុកពីក្រោយយ៉ាងពេញ ទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមក សមត្ថកិច្ច ក៏បានមកដល់អន្តរាគមន៍វាស់វែង និងអូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដោះស្រាយពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖