ខេត្តសៀមរាប ៖ ស្ត្រីមេម៉ាយម្នាក់បានសុំឲ្យសមត្ថកិច្ចមូលដ្ឋានជាពិសេស អគ្គស្នងការដ្ឋាននគរបាលជាតិ មេត្តាជួយស្រាវជ្រាវរកក្របីចំនួន៦ក្បាល ដែលចោរបានលួចនៅរំលងអធ្រាត្រ ដឹកតាមរថយន្តយកទៅបាត់ ។ ស្ត្រីរងគ្រោះ បានសុំអន្ដរគមន៍ ពីសមត្ថកិច្ចនៅរសៀលថ្ងៃទី ២ ខែសីហា ឆ្នាំ២០១៩ ខណៈ ដែលស្ត្រីនោះ ត្រូវចោរមួយក្រុមមិនស្គាល់អត្តសញ្ញាណបានលួចដឹកក្របីចេញពីកន្លែងចងនៅក្បែរផ្ទះរបស់គាត់កាលពីអំឡុងម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែសីហា ឆ្នាំ ២០១៩ នេះ ស្ថិតនៅចំណុចភូមិបុស្សធំ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
ជនរងគ្រោះមានឈ្មោះ ឈឿន ម៉ៃ ជាស្ត្រីមេម៉ាយមាន អាយុ ៦៨ ឆ្នាំរស់នៅភូមិ ឃុំ កើតហេតុ បាននិយាយថានៅម៉ោងចន្លោះ១អធ្រាត្រមានក្រុមចោរមកលួចដឹកក្របីរបស់គាត់ចំនួន៦ក្បាលក្នុងចំណោម១០ក្បាលចេញពីកន្លែងចង ដូចសព្វដង នៅក្បែរផ្ទះមកដាក់រថយន្ត ដែលនៅមិនឆ្ងាយពីផ្ទះរបស់គាត់ ។ ស្ត្រីរងគ្រោះបានបន្តថា ដោយសារពេល ដែលដឹងថាបាត់ក្របី គាត់ដើរតាមគន្លងជើង ក្របី ដែលគេដឹកចេញហើយមក ឃើញស្នាមកង់រថយន្ត ដែលចតនៅក្បែរព្រៃមួយកន្លែងដើម្បីដឹកក្របីឡើង ស្ថិតនៅក្បែររង្វង់ មូលព្រៃគុយជិតផ្លូវ៦០ម៉ែត្រ គឺ លួចអស់៦ក្បាល រីឯ៤ក្បាលទៀតបានដាច់ខ្សែទើបក្របីនោះមិនបានបាត់ ដោយឡែកក្របីទាំង៦ ក្បាលគឺសុទ្ធតែក្របីធំៗដោយមាន ក្របីមេ ចំនួន៥ក្បាល និងឈ្មោល ១ ក្បាលហើយក្នុងចំណោមនោះគឺមានមេឃ្លៀចចំនួន២ក្បាលផងដែរ ។
ចំណែកអ្នកភូមិនៅម្តុំនោះបាននិយាយដែរថាកន្លងមកប្រជាពលរដ្ឋធ្លាប់បាត់ក្របីជាច្រើនដងរួចមកហើយ ការលួចនោះគឺប្រហាក់ប្រហែលនឹងការលួចរបស់ស្ត្រីខាងលើដែរប៉ុន្តែសមត្ថកិច្ចមិន ដែលស្រាវជ្រាវរកឃើញនោះទេ ។ ដោយឡែកស្ត្រី ដែលគាត់បាត់ក្របីនោះក៏បានប្តឹងមកអាជ្ញាធរប៉ុស្តិ៍រដ្ឋបាល ឃុំអំពិល រួចហើយដើម្បីឲ្យសមត្ថកិច្ចជួយរកនិង សុំឲ្យសមត្ថកិច្ចមូលដ្ឋានអធិការដ្ឋាននគរបាលស្រុក និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិមេត្តាជួយ ស្រាវជ្រាវនិងពិនិត្យលើករណីនេះផង ។
លោកវរសេនីយ៍ឯក មិន ចន្ថា អធិការស្រុកប្រាសាទបាគង បានផ្ដល់បទសម្ភាសតាមទូស័ព្ទ នៅព្រឹកថ្ងៃទី៣ ខែ សីហា ឆ្នាំ២០១៩នេះថា ករណីបាតក្របីនេះលោកបានដឹងក្រោយពីម្ចាស់ក្របីបានប្ដឹង ប៉ុន្តែវាហាក់ដូចជាយីតពេល ព្រោះម្ចាស់ក្របីបានចងក្របីឆ្ងាយពីផ្ទះតាមទំលាប់ ហើយគាត់មិនបានដឹងថាក្របីគាត់បាត់ពីម៉ោងប៉ុន្មាននោះទេ លុះជិតភ្លឺឈានចូលថ្ងៃទី២ខែ សីហា ឆ្នាំ២០១៩ទើបគាត់មកប្ដឹង ធ្វើឲ្យសមត្ថកិច្ចយើងពុំអាចស្រាវជ្រាវឃើញនោះទេ ព្រោះកម្លាំងរបស់លោកបានដើរល្បាត់តាមគោលដៅតែមិនអាចបានគ្រប់ផ្ទះនោះឡើយ ។
ចំណែក លោក ស៊ូ ប្លាតុង អភិបាលស្រុក ប្រាសាទបាគង បានប្រាប់ក្នុងកិច្ចសម្ភាសថាលោក មិនបានដឹងនោះទេ ចាំមើលសួរទៅខាងសមត្ថកិច្ចសិន ការឆ្លើយបែបនេះទំនងដូចជាអាជ្ញាធរពុំមានការសហការណ៍គ្នាល្អនោះទេ ទើបពុំមានអ្នករាយការណ៍ជូនលោក ។
ពលរដ្នថ្លែងថា សព្វថ្ងៃពុំមានក្នុងភូមិ ឃុំ គ្មានសន្តិសុខក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋគ្មានសុវត្ថិភាពដូចការលើកឡើងនោះឡើយ ព្រោះចោរបានលួចក្របីជាញឹកញាបតែសមត្ថកិច្ចពុំ ដែលស្រាវជ្រាវឃើញមុខសញ្ញា ម្ដងណានោះទេ បើតែយ៉ាងនេះមិនបាច់និយាយឬផ្សព្វផ្សាយ ពីគោលការណ៍ ភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុចឲ្យពលរដ្នលឺនោះឡើយ ព្រោះវាជាពាក្យឥតប្រយោជន៍ ៕ ប៊ុនរិទ្ធី