ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ថា រាជរដ្ឋាភិបាលនឹងបន្តការយកចិត្តទុកដាក់ ដោះស្រាយក្នុងការផ្តល់នូវកិច្ចគាំពារចាំបាច់ជាច្រើនថែមទៀត ។
សម្តេចតេជោបានថ្លែងដូច្នេះថា ៖ «សុខសប្បាយជាទេបងប្អូនជនរួមជាតិ?
កាលពីម្សិលខ្ញុំបានដឹកនាំប្រជុំគណ:រដ្ឋមន្រ្តី ដែលយើងបានអនុម័តនូវសេចក្តីព្រាងច្បាប់មួយចំនួន ដែលក្នុងនោះមានច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលមានសារ:សំខាន់ខ្លាំងណាស់សម្រាប់មន្រ្តីរាជការ និងកូនក្មួយកម្មករកម្មការនីទាំងក្នុងពេលបំពេញការងារ និងពេលឈប់សម្រាកពីការងារ ជាពិសេសគឺកិច្ចគាំពារសម្រាប់ស្រ្តី។ រាជរដ្ឋាភិបាលនឹងបន្តការយកចិត្តទុកដាក់ដោះស្រាយក្នុងការផ្តល់នូវកិច្ចគាំពារចាំបាច់ជាច្រើនថែមទៀត ដើម្បីបងប្អូនទទួលបាននូវផលប្រយោជន៍កាន់តែច្រើន និងមានជីវភាពរស់នៅកាន់តែល្អរសើរ។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សំណាងល្អ និងបានសប្បាយរីករាយក្នុងថ្ងៃសម្រាកចុងសប្តាហ៍» ៕