ភ្នំពេញ៖ សពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងទឹក ជាប់ជាមួយនឹងឧបករណ៍ឆក់ត្រី កាលពីម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០១៩នៅចំណុចភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ។ ហេតុការណ៍នេះ ត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យកន្លែងកើតហេតុនៅម៉ោង១០ព្រឹក និងស្រង់សពយកមកពិនិត្យ ហើយអះអាងថាបុរសរូបនេះស្លាប់ដោយសារឆក់ត្រីហើយឆក់ស្លាប់ខ្លួនឯង នៅក្នុងបឹង ។
មកដល់រសៀលថ្ងៃទី៣ ខែសីហានេះ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណ បុរសនេះហើយដោយមានអាយុជាងអាយុ ៤០ឆ្នាំ មានស្ពាយឧបករណ៍ឆក់ត្រីនៅជាប់នឹងខ្លួន និងមានត្រីប្រហែលជិត ១គីឡូក្រាម ។
ប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុប្រជាពលរដ្ឋបានទៅរាយមងនឹងដកព្រលឹតបេះត្រកួនក៏បានប្រទះឃើញសាកសពដេកស្លាប់ដោយមានពិលកែវឆ្លុះពាក់ជាប់ក្បាល និងស្ពាយជាប់ជាមួយឧបករណ៍ឆក់ត្រី និងត្រីមួយចំនួននៅក្នុងទ្រុង ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ ។
ក្រោយមក សមត្ថកិច្ចចុះទៅពិនិត្យសពនៅកន្លែងកើតហេតុ ក៏បានសន្និដ្ឋានថា សពបុរសរូបនេះពិតជាស្លាប់ដោយសារឆក់ត្រីហើយឆក់ខ្លួនឯងស្លាប់ពិតប្រាកដមែន ។
ជាមួយគ្នានោះសមត្ថកិច្ចក៏បានអំពាវនាវរកក្រុមគ្រួសារសពផងដែរដោយសាកសពមានភិនភាគស្លៀកខោប៉ារ៉ាជើងវែង និងអាវឆ្នូតលឿងដៃវែង អាយុប្រហែលជា ៤០ឆ្នាំ កម្ពស់ប្រហែលជា១ម៉ែត្រ៦០ ៕ ជ្រោយពេជ្រ