ខេត្តកំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំ លោក សុខ លូ អភិបាលខេត្តកំពង់ធំ ធ្លាប់បានមានប្រសាសន៍ ក្នុងពិធីដាំកូនឈើ កាលពីថ្មីៗកន្លងមកនេះ បានជំរុញឲ្យសមត្ថកិច្ចពាក់ព័ន្ឋបន្ត រឹតបន្តឹងការបង្ក្រាបបទល្មើស ដោយគ្មានការយោគយល់ ចំពោះសកម្មភាពទាំងឡាយណា ដែលបានបំផ្លាញធនធានធម្មជាតិព្រៃឈើ ត្រូវសុំគណៈបញ្ជាការឯកភាព ដើម្បីដុតបំផ្លាញមធ្យោយដូចជា រថយន្តបាកុង រថយន្តកែច្នៃ ម៉ូតូសម្រាប់ដឹកឈើ សម្រាប់ឈើត្រូវរក្សាទុកដើម្បីបន្តការងារមនុស្សធម៌ សំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាធនធានធម្មជាតិ ។
ជាក់ស្តែង លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អមដំណើរដោយលោក ឡង់ គីសឹង អភិបាលស្រុកសណ្តាន់ បានអញ្ជើញចូលរួមដុត កម្ទេចរថយន្តបាកុងចំនួន២គ្រឿង និងម៉ាស៊ីរៃចំនួន១គ្រឿង ដែលបានការ ចូលរួមពីព្រះរាជអាជ្ញារង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំ, កម្លាំងបរិស្ថាន, និងមេព្រៃ, និងប៉ូលិស ដោយរថយន្តកែច្នៃទាំងនេះ គឺបានធ្វើឡើងសម្រាប់តែប្រព្រឹត្តបទល្មើសព្រៃឈើ ដោយបានអនុវត្តវិធានការក្តៅ នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ត្រូវបានដុតកម្ទេចចោលនៅក្នុងតំបន់ជាំប្រអប់ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ ២០១៩។
លោកឧត្តសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាកាកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឲ្យដឹងថា ដោយយោងតាមបទបញ្ជារបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កងរាជអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងអាជ្ញាធរដែនដី ទប់ស្កាត់បង្រ្កាបធនធានធម្មជាតិ និងត្រូវស្នើរសុំគណៈបញ្ជាការឯកភាពខេត្ត ស្រុក ដុតបំផ្លាញមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ រួមទាំងលុបចោលនូវសិប្បកម្មកែច្នៃ និងបន្តបង្រ្កាបបទល្មើសព្រៃឈើដោយគ្មានការលែកលែងជាដាច់ខាត។
លោកបានបន្តថា ជាក់ស្តែងរថយន្តបាកុង២គ្រឿងនេះ ត្រូវបានប្រជាពលរដ្ឋ រាយការណ៍មករាជអាវុធហត្ថ ថាមានរថយន្តកែច្នៃ២គ្រឿង ក៏បានរាយការណ៍ជូនអភិបាលខេត្ត ដើម្បីសុំកម្លាំងដឹកនាំបង្រ្កាបរថយន្តទាំង២គ្រឿងនេះ ក្នុងគោលបំណងទប់ស្កាត់ បង្រ្កាបបទល្មើសធនធានធម្មជាតិ តាមការដាក់ចេញនូវវិធានការក្តៅរបស់រាជរដ្ឋាភិបាល គឺមានសារៈប្រយោជន៍ដើម្បីចូលរួមកាត់បន្ថយការកាប់បំផ្លាញធនធានធម្មជាតិ។
លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានឲ្យដឹងថា រថយន្តកែច្នៃបាកុង គឺកែច្នៃបំរើការដឹកបទល្មើសបំផ្លាញធនធានធម្មជាតិ រថយន្តទាំង២នេះមិនមែនមកធ្វើសកម្មភាពនៅតំបន់នេះទេ ប៉ុន្តែគេបានយកមកពីតំបន់ផ្សេង មករងចាំដឹកឈើឲ្យក្រុមហ៊ុនមួយ តែដោយសារក្រុមហ៊ុននោះពុំទាន់បាន ច្បាប់អនុញ្ញាត ក៏បានរក្សាទុករថយន្តនៅទីនេះជាយូរមកហើយ ហើយក៏បានសហការជាមួយនឹង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីដុតបំផ្លាញចោលនូវមធ្យោបាយបំរើឲ្យបទល្មើសព្រៃឈើ ៕ ប៊ុនរិទ្ធី