ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញបំពាក់ឋានន្តរស័ក្ដិ និងគ្រឿងឥស្សរិយយស ជូនយោធិនចូលនិវត្តន៍ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់ឋានន្តរស័ក្ដិ និងគ្រឿងឥស្សរិយយស ជូនយោធិនចូលនិវត្តន៍ ឆ្នាំ២០១៩ ដែលបានប្រារព្ធធ្វើនៅបញ្ជាការដ្ឋានកងទ័ពជើងទឹក។

នាឱកាសនោះ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងឡើងនូវចំណុចសំខាន់ៗរួមមាន៖

ទី១៖ គុណសម្បត្តិរបស់បងប្អូនយោធិនដែលត្រូវចូលនិវត្តន៍៖

* ចូលរួមផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

* ចូលរួមការពារមិនឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់

* ចូលរួមបញ្ចប់សង្គ្រាម

* ចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម

* ចូលរួមជួយការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល

* ចូលរួមពង្រឹងលើវិស័យការពារជាតិ

* ចូលរួមចំណែកកំណែទម្រង់កងទ័ពឱ្យបានរឹងមាំល្អ ឈានដល់សមាហរណកម្មក្នុងតំបន់ និងពិភពលោក

* ចូលរួមបេសកកម្មអង្គការសហប្រជាជាតិ។

ទី២៖ ការចងចាំនូវសច្ចភាពប្រវត្តិសាស្ត្រ និងបច្ចុប្បន្នភាពនៃកម្ពុជា៖

* សោកនាដកម្មនៃកម្ពុជាដែលកើតចេញពីការផ្លាស់ប្ដូររបបនាពេលកន្លងមក ពីរបបសម្តេច សីហនុ ទៅរបប លន់ ណល និងពីរបប លន់ ណល ទៅរបប ប៉ុល ពត

* ត្រូវចងចាំជានិច្ចនូវការលះបង់គ្រប់បែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការចេញទៅរំដោះជាតិ និងប្រជាជនកម្ពុជា

* ត្រូវគោរពដឹងគុណ និងមានកត្តញ្ញូ ចំពោះសម្ដេចតេជោ ហ៊ុន សែន ដឹកនាំកម្ពុជាឱ្យមានសន្តិភាព មានការអភិវឌ្ឍន៍ យើងទាំងអស់គ្នាបានរស់នៅប្រកបដោយសុខដុមរមនា និងមានសេរីភាពលើការគោរពសាសនា។

ទី៣៖ យោធិនដែលចូលនិវត្តន៍គ្រប់រូបសុទ្ធតែមានគុណបំណាច់ជូនប្រជាជន និងប្រទេសជាតិជាប្រវត្តិសាស្ត្រ នេះជាមោទនភាពភាពរបស់យើងទាំងអស់គ្នាក្នុងនាមជាកងទ័ព។ រីឯការចូលនិវត្តន៍ជាទូទៅត្រូវចូលទាំងគ្នា គ្រាន់តែមុន និងក្រោយតែប៉ុណ្ណោះ។ ដូច្នេះយើងត្រូវធ្វើជាគំរូសម្រាប់អ្នកជំនាន់ក្រោយ និងធ្វើអ្វីដែលមានប្រយោជន៍ជូនប្រទេសជាតិ និងប្រជាជន។

ទី៤៖ ការគិតគូដល់បងប្អូនយោធិន ដែលចូលនិវត្តន៍ពីសំណាក់រាជរដ្ឋាភិបាល គឺយើងទាំងអស់គ្នា នឹងបានជួបគ្នាពីរដងក្នុងមួយឆ្នាំនិងមានអ្នកដឹកនាំនាពេលចូលនិវត្តន៍។

ទី៥៖ ស្ថាប័ន និងអង្គភាពនីមួយៗត្រូវចាត់តាំងប្រតិភូចុះសួរសុខទុក្ខ និងចែកអំណោយកងទ័ព ដល់យោធិនដែលបានចូលនិវត្តន៍។

ជាមួយគ្នានោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានផ្ដាំផ្ញើឲ្យបងប្អូនយោធិន ដែលចូលនិវត្តន៍ត្រូវ៖ ចេះគ្រប់គ្រងព័ត៌មានទូទៅ, ទទួលយកនូវការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបដល់ប្រជាជនរបស់យើង, ក្តាប់ជាប់រាល់កង្វល់ និងសំនូមពរផ្សេងៗរបស់ប្រជាជនយើង៕


ចែករំលែក៖