ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិបត្តិការពិនិត្យ និងឆែកឆេររោងសិប្បកម្មកែឆ្នៃឈើ អត់ច្បាប់ និងមានច្បាប់ ជាងមួយសប្តាហ៍នេះ រកឃើញរោងសិប្បកម្ម ១៦២ទីតាំង អត់ច្បាប់អនុញ្ញាត

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅក្នុងប្រតិបត្តិការត្រូតពិនិត្យ និងឆែកឆេរទៅលើរោងសិប្បកម្ម កែឆ្នៃឈើ និងដេប៉ូលក់ឈើ នៅទូទាំងខេត្ត ក្នុងនោះមានស្រុក៥ ក្រុង​១ ដោយមានសមត្ថកិច្ចចម្រុះខេត្តចុះឆែកឆេររោងសិប្បកម្ម ក្រោយពេលប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដោយមានការចង្អុលបង្ហាញពីគណៈកម្មការថ្នាក់ជាតិ ដោយមានមន្ត្រីជំនាញពាក់ព័ន្ធ ដឹកនាំដោយលោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលនីតិវិធី ដោយមានអយ្យការអមសាលាដំបូងខេត្តផងនោះ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ រហូតមកទល់ថ្ងៃទី០៦ ខែសីហា បានរកឃើញសិប្បកម្មកែឆ្នៃឈើខុសច្បាប់ជាច្រើន មានរហូតដល់ទៅ១៦២ទីតាំង អត់មានច្បាប់អនុញ្ញាត ។

បើតាមរបាយបឋមរបស់អាវុធហត្ថខេត្តបានបង្ហាញថា ក្នុងចំណោមរោងសិប្បកម្ម និងដេប៉ូឈើនៅ្នក្នុងក្រុង និងស្រុកទាំង៦ នៃខេត្តស្ទឹងត្រែង មានចំនួនសរុប ១៧៤ទីតាំង ក្នុងនោះដេប៉ូឈើ២កន្លែង មានច្បាប់ និងសិប្បកម្មឈើ១០កន្លែង មានច្បាប់ ក្រៅពីនោះពុំមានច្បាប់អនុញ្ញាតនោះទេ ។

រោងសិប្បកម្ម និងដេប៉ូឈើទាំងនោះរួមមាន៖ ក្រុងស្ទឹងត្រែងៈ ៦៣ទីតាំង(មានច្បាប់១០ទីតាំង) និងដេប៉ូឈើ០២ទីតាំង(មានច្បាប់), ស្រុកសេសានៈ ២៨ទីតាំង (អត់ច្បាប់), ស្រុកសៀមបូកៈ ១០ទីតាំង(អត់ច្បាប់), ស្រុកសៀមប៉ាងៈ ១៣ទីតាំង(អត់ច្បាប់), ស្រុកថាឡាបរិវ៉ាត់ៈ ១៨ទីតាំង(អត់ច្បាប់) និង ស្រុកបូរីអូរស្វាយសែនជ័យៈ ៤២ទីតាំង(អត់ច្បាប់) ។

សូមបញ្ជាក់ថា ចំពោះសិប្បកម្មខុសច្បាប់ទាំង១៦២កន្លែងខាងលើ ត្រូវបានបិទជាស្ថាពរ ហើយសមត្ថកិច្ចបានឲ្យម្ចាស់ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបន្តទៀត ចំណែកឈើដែលស្តុកក្នុងរោងសិប្បកម្មទាំងនោះត្រូវបានរឹបអូស ។

ប៉ុន្តែចំនួនឈើដែលដកហូតបានមានចំនួនប៉ុន្មានម៉ែត្រគូប រួមទាំងសម្ភារកែឆ្នៃឈើមួយចំនួនទៀតនោះ នៅមិនទាន់មានរបាយកាណ៍បញ្ជាក់ទេ ព្រោះមកទល់ពេលនេះ មន្ត្រីរដ្ឋបាលព្រៃឈើកំពុងបន្តការដឹកជញ្ជូនឈើចេញពីរោងសិប្បកម្មខុសច្បាប់ទាំងនោះនៅឡើយ ៕ មាស សុផាត


ចែករំលែក៖