ខេត្តកណ្ដាល៖ បុរសជាកម្មករសំណង់ម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួលរបស់ខ្លួនបង្កការភ្ញាក់ផ្អើលឡើងទាំងព្រឹក ដោយសង្ស័យថា ជាករណីខ្យល់គរ ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង៦និង៣០នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចក្នុងបន្ទប់ជួលរបស់ខ្លួន ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ាបន គ្រុយ ភេទប្រុស អាយុ៤៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិ/ឃុំកើតហេតុ ។
ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ស្ដ្រីជាប្រពន្ធជនរងគ្រោះឈ្មោះ ហ៊ត សុឃាង ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងបន្ទប់ជួលជាមួយគ្នាបានឲ្យដឹងថា ជនរងគ្រោះជាប្តីរបស់ខ្លួន បានឈឺរយៈពេលបីថ្ងៃហើយ ដោយឲ្យគ្រូពេទ្យពិនិត្យឃើញថា ជនរងគ្រោះមានអក្ការៈគ្រុនពោះវៀន ,លើសឈាម និងរលាកក្រពះផងដែរ ហើយគ្រូពេទ្យបានព្យាបាល ដាក់សេរ៉ូមផងដែរ ។ រហូតមកដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែលម៉ោង៥ ជនរងគ្រោះ បានងើបទៅបត់ជើង បន្ទាប់មកក៏ត្រឡប់ចូលមកសម្រាកលើគ្រែវិញ បានសន្ទុះ ស្រាប់ស្រ្ដីជាប្រពន្ធ ឃើញជនរងគ្រោះជាប្ដីរបស់ខ្លួន រសេះរសោះ កាច់ដៃ កាច់ជើង ហើយក៏ដាច់ខ្យល់ស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលឆោឡោ ដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូណសមត្ថកិច្ចប៉ុស្ដិ៍ដើម្បីធ្វើការកោសល្យវិច្ច័យ ទៅលើសាកសព ។
ក្រោយពីសមត្ថកិច្ចប៉ុស្ដិ៍ទទួលបានព័ត៌មានករណីខាងលើរួច ភ្លាមនោះក៏រាយការណ៍បន្ដទៅសមត្ថកិច្ចជំនាញស្រុក ចុះមកដល់កន្លែងកើតហេតុ ដោយមានការចូលរួមពីលោកក្រុមប្រឹក្សាឃុំ ,លោកគ្រូពេទ្យ ,មេភូមិ និងប្រពន្ធបងប្អូននៃសព ធ្វើការពិនិត្យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារខ្យល់គរប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើយ ។បន្ទាប់ពីពិនិត្យរួច សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ