ព័ត៌មានទាន់ហេតុការណ៍៖

អ្នកមានអំណាច៣រូបកំពុងរំលោភយកដីមានដីការដកហូត និងរក្សាការពារចំនួន៥០០ហិកតានៅស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ មកជាដីឯកជន

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ បើទោះជាសាលាខេត្តឧត្តរមានជ័យសម្រេចចេញដីកាលេខ០៧៩ដកឧជ ស្តីពីការ៖ ដកហូតដីព្រៃចំនួន៥០០ហិកតា នៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រក្សាទុកជាសម្បត្តិរដ្ឋ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៧នោះក៏ដោយ ។ ផ្ទុយទៅវិញ អ្នកមានអំណាចក្នុងខេត្តឧត្តរមានជ័យនេះតែម្តង រងនូវការចោទប្រកាន់ពីមន្ត្រី អាជ្ញាធរ និងជំនាញពាក់ព័ន្ធថាបានរំលោភយកដីខាងលើនេះទាំងបំពានទៅនឹងដីកា ដោយលក្ខណៈចំហរ និងកំពុងធ្វើសកម្មភាពឈូសឆាយយ៉ាងគឃ្លើន ធ្វើជាដីឯកជន។
បើតាមសេចក្តីរាយការណ៍ ដែលអង្គភាព«នគរវត្ត» ទទួលបានដំណឹងជាបឋមនៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩បានឲ្យដឹងថា៖ បុគ្គលដែលបានរំលោភយកដីខាងលើនេះ មានចំនួន៣រូបក្នុងនោះ ទី១-ឈ្មោះ សរ ថាវី អតីតអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ។ បច្ចុប្បន្នមានតួនាទី ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ,ទី២-ឈ្មោះ ម៉ែន លី មានតួនាទី ជាស្នងការនគរបាលខេត្តឧត្តរមានជ័យ និងទី៣-ឈ្មោះ ស៊ុំ សារឿនស្នងការរង ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដែលអតីតលោកក៏ជាមេបញ្ជាការនគរបាលវរៈការពារព្រំដែនគោកលេខ៩០៥ ។
គេបានទម្លាយថា៖ អ្នកទាំង៣ បានក្លាយជាក្បាលម៉ាស៊ីនបើកភ្លៀងខៀវដល់មន្ត្រីក្រោមឱវាទ ជាដៃជើងរបស់ខ្លួន រំលោភវាទទីយកដីក្នុងដីកាដកហូតរក្សាការពារចំនួន៥០០ហិកតានេះ ជាដីសម្បត្តិរបស់រដ្ឋ ដែលធ្វើការឈូសឆាយក្លាយទៅជាដីបង្កបង្កើនផលសម្រាប់ឯកជនទៅវិញ ។
ពាក់ព័ន្ធករណីនេះ លោក ហោ ជិនវីរៈយុទ្ធ អភិបាលនៃអណៈអភិបាលស្រុកអងន្លង់វែងបានប្រាប់អង្គភាព«នគរវត្ត» នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ដូច្នេះថា ខ្ញុំក្តោបបញ្ហានេះមិនទាន់ជុំនៅឡើយទេ ប៉ុន្តែខ្ញុំដឹងថា បញ្ហាដីព្រៃរបស់រដ្ឋ គឺរដ្ឋាភិបាលបានដកហូតដីរក្សាទុកជាសម្បត្តិរដ្ឋនោះពិតជាមានមែន ។ លោកបន្តថា កន្លងមករាជរដ្ឋាភិបាលបានចេញបទបញ្ជា លេខ០០១ចំនួន២លើក ។ លើកទី១ បទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០០១បប ក្នុងឆ្នាំ២០១០ ត្រូវដកហូត និងរក្សាការពារដីគម្របព្រៃ ។ ដោយឡែកបទបញ្ជាលេខ០០១បប លើកទី២ គឺឲ្យក្រុមការងាររបស់យុវជនស្ម័គ្រ ចិត្តចុះធ្វើការវាស់វែងជាក់ស្តែងតាមយាមការ ដើម្បីឈ្វៀលចេញពីគម្របព្រៃ និងដីក្រុមហ៊ុនសម្បទានដែលមានជម្លោះវិវាទជាមួយប្រជាពលរដ្ឋ ឈ្វៀលឲ្យពលរដ្ឋតាមលក្ខណៈពិនិត្យជាក់ស្តែង និងនៅកន្លែងផ្ទាល់ ។
ដោយឡែកលោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យមិនអាចសុំការបំភ្លឺបានទេ នៅថ្ងៃដដែល ដោយទូរស័ព្ទចូលគ្មានអ្នកទទួល ។ លោក ស៊ុំ សារឿន ស្នងការរងខេត្តឧត្តរមានជ័យ អតីតជាមេបញ្ជាការ នគរបាលវរការពារព្រំដែនលេខ៩០៥ កន្លងទៅធ្លាប់អះអាងប្រាប់កាសែតក្នុងស្រុកផងដែរថា លោកមិនបានរំលោភយកដីនៅក្នុងដីកាដកហូតជាសម្បត្តិរដ្ឋនោះទេ ដោយលោកគ្រាន់តែជាអ្នកចុះមកមើលការខុសត្រូវ ការងារឈូសឆាយឲ្យលោក សរ ថាវី ដែលជាមេកើយតែប៉ុណ្ណោះ ។ លោកបន្តថា កុំយល់ច្រឡំអីថា ខ្ញុំរំលោភយកដី ទាំងនោះ អ្វីដែលខ្ញុំកំពុងធ្វើនេះ គឺធ្វើឲ្យមេៗតែប៉ុណ្ណោះ ។
គួររំលឹកថា ក្រោយពីអាជ្ញាធរខេត្ត លោក ប៉ិច សុខិន អតីតអភិបាលខេត្តឧត្តរមានជ័យបានចេញដីកាស្តីពី ការដកហូតដីព្រៃចំនួន៥០០ហិកតា នៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រក្សាទុកជាសម្បត្តិរដ្ឋ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នោះក៏ពិតមែន គេឃើញថា ក្នុងអាណត្តិលោកសរ ថាវី ជាអភិបាលខេត្តដឹកនាំបន្ត ដីព្រៃនៅក្នុងតំបន់រក្សាការពារនេះ មួយចំនួនត្រូវបានរំលោភយកដោយអាជ្ញាធរ និងមួយចំនួនទៀតត្រូវបានក្រុមគ្រួសាររបស់នគរបាល ក្នុងវរការពារព្រំដែនលេខ៩០៥ សង់លំនៅឋានរស់នៅ និងមួយចំនួនទៀតជាលំនៅឋានរបស់ក្រុមគ្រួសារកងទ័ព ។ ដូច្នេះ ក្នុងទំហំដី៥០០ហិកតា អាចនឹងត្រូវបាត់បង់មួយចំនួន តូចតាមរយៈការឈ្វៀលឲ្យក្រុមគ្រួសារយោធា និងនគរបាលរស់នៅបង្កបង្កើនផល ក្លាយទៅជាការកាន់កាប់ស្របច្បាប់ ។ ប៉ុន្តែអ្វីដែលគេចាត់ទុកថា ជាការរំលោភយកដ៏ធ្ងន់ធ្ងរ ហើយបំពាននឹងផ្លូវច្បាប់ ប្រឈមការរិះគន់ពី ពលរដ្ឋ សមត្ថកិច្ច មន្ត្រីរាជការ ជំនាញគឺមានអ្នកមានអំណាច៣រូប ក្នុងនោះមាន ទី១-ឈ្មោះ សរ ថាវី អតីតអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ។ បច្ចុប្បន្នមានតួនាទី ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ,ទី២-ឈ្មោះ ម៉ែន លី មានតួនាទី ជាស្នងការនគរបាលខេត្តឧត្តរមានជ័យ និងទី៣-ឈ្មោះ ស៊ុំ សាវឿន ស្នងការរង ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដែលអតីតលោកក៏ជាមេបញ្ជាការនគរបាលវរៈការពារព្រំដែនគោកលេខ៩០៥ កាន់កាប់ដោយអំណាចខ្លួនឯងមានចំនួនដ៏ច្រើនលើសលុប ហើយក៏តម្រូវឲ្យស្ថាប័នពាក់ព័ន្ធចុះស្រាវជ្រាវ អង្កេតឡើងវិញ ៕

ដោយ ៖ សុខខេមរា


ចែករំលែក៖