ខេត្តកណ្ដាល៖ មនុស្សប្រុសស្រី២នាក់ប្តីប្រពន្ធ ទទួលរងរបួសធ្ងន់ ខណៈបើកម៉ូតូឆ្លងផ្លូវ ត្រូវម៉ូតូមួយគ្រឿងទៀតម៉ាកស្កុបពី បើកល្បឿនលឿន ឈប់មិនទាន់ បានបុកពេញមួយទំហឹង នៅវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ ២១ ចំណុចខាងជើងគល់ស្ពានព្រែកតាហ៊ីង ( ទី៥២ ) ស្ថិតនៅក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់មាន២នាក់ ទី១/ឈ្មោះ ស៊ុន ប៉េង ភេទប្រុស អាយុ៧៣ឆ្នាំ មុខរបរ កសិករ ( រងរបួសបែកប្រអប់ជើងស្ដាំ ) ជាអ្នកបើកបរម៉ូតូម៉ាកហុងដាធ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU 3208 និងទី២/ឈ្មោះ ទូច សុច ភេទស្រី អាយុ៧១ឆ្នាំ ( ជាអ្នករួមដំណើរ រងរបួសបាក់ដៃស្តាំ ) ។ ជនរងគ្រោះទាំង២នាក់ ត្រូវជាប្តីប្រពន្ធនឹងគ្នា មានទីលំនៅភូមិតាប៉ែន ឃុំ ក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកហុងដាស្កុបពី ធុនសេ១២៥ ពណ៌ស អត់ស្លាកលេខ បើកបរដោយឈ្មោះ គាម សាវុធ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិព្រៃល្វា ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ (រងរបួសស្រាល ) ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះរងរបួសធ្ងន់ជាអ្នកបើកបរម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុ ជនរងគ្រោះ ក៏បើកបត់ឆ្វេងឆ្លងផ្លូវ ពីលិចទៅកើត ស្របពេលនោះក៏មានម៉ូតូម៉ាកហុងដាស្កុបពី១គ្រឿង បើកដោយល្បឿនលឿន ក្នុងទិសដៅត្បូងទៅជើង (ច្រាស់ទិសគ្នា) ក៏ឈប់មិនទាន់ជាន់ហ្រ្វាំងមិនជាប់ បានបុកម៉ូតូជនរងគ្រោះ២នាក់ប្តីប្រពន្ធចំពាក់កណ្ដាល នៃម៉ូតូពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូហុងដាឌ្រីម២នាក់ប្តីប្រពន្ធទទួលរងរបួសធ្ងន់ រីឯអ្នកបើកបរម៉ូតូស្កុបពីវិញ ទទួលរងរបួសស្រាល ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបាននគរបាលជំនាញស្រុក ចុះធ្វើការពិនិត្យ វាស់វែង កសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យថឹងថា ករណីនេះ បង្កឡើងដោយអ្នកបើកបរម៉ូតូស្កុបពី បើកបរមានល្បឿនលឿន គ្រប់គ្រងមិនបាន ក៏ទៅបុកម៉ូតូ ហុងដាឌ្រីម ស៊េរីឆ្នាំ ២០១៥ ចំពាក់កណ្ដាលម៉ូតូ បណ្តាលឲ្យដួលបោកទៅលើផ្លូវ រងរបួសធ្ងន់តែម្ដង ៕ ស្អាងជ័យ