ព័ត៌មានទាន់ហេតុការណ៍៖

ការដ្ឋានសាងសង់មួយកន្លែង ប្រើកម្មករមិនប្រយ័ត្នបណ្ដាលឲ្យសសរបេតុងដួលបុកស្លាប់

ចែករំលែក៖

ភ្នំពេញ៖ កម្មករសំណងម្នាក់ ផ្នែកចាក់បេតុកំពុងឈរកាន់សសរបេតុង ក៏ត្រូវសសរបេតុងដួលបុកចំខ្លួនបណ្តាលឲ្យរបួសធ្ងន់ ហើយត្រូវបានកម្មករដូចគ្នាបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែអកុសលបានស្លាប់បាត់ទៅហើយ ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចដីឡូតិ៍ កំពុងសាងសង់ ផ្លូវ១៩៦២ ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

សពឈ្មោះ ម៉ន វ៉ាង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចាក់សសបេតុង ស្នាក់នៅភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

យោងតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បានទទួលព័ត៌មាន ថានៅចំណុចខាងលើ មានមនុស្សប្រុសម្នាក់ស្លាប់ ដោយសសរបេតុងបុក ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចមូលដ្ឋានបានចុះដល់ចំណុចកើតហេតុ និងមានសការសហការជាមួយការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រ បានធ្វើត្រួតពិនិត្យលើលើទីតាំង និងតាមការ បំភ្លឺពីអ្នកនៅជិតកន្លែងកើរហេតុ ថា មុនពេលកើតហេតុជនរងគ្រោះ(សព)កំពុងឈរកាន់សសរបេតុង ក៏ត្រូវសសរបេតុងដួលបុកចំខ្លួនបណ្តាលឲ្យរបួសធ្ងន់ ហើយកម្មករដូចគ្នាបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែដោយសាររបួសធ្ងន់ពេកបានស្លាប់តែម្តង ។

បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យនៅខេត្តព្រៃវែង ៕ចន្ទ លីហ្សា


ចែករំលែក៖