ព័ត៌មានទាន់ហេតុការណ៍៖

ផឹកប៉ះចំស្រាដាល់ប្រពន្ធ និងម៉ែក្មេក នគរបាលក្របួចជាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ឃាត់ចាប់ខ្លួនបុរសម្នាក់តាមបណ្ដឹងស្រ្តីជាម្ដាយក្មេក បន្ទាប់កូនប្រសាចិត្តស្លុយប្រើកណ្ដាប់ដៃដាល់កូនស្រីរបស់គាត់រួមទាំងខ្លួនគាត់ជាម៉ែក្មេក ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅយប់ថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះស្រ្តីរងរបួសឈ្មោះ អុី គារិទ្ធ អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលស្រុកក្រគរឃើញថា ជនសង្ស័យត្រូវបានឃាត់យកមកសួរនាំឈ្មោះ ចាយ ស៊ីទន់ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា ត្រូវជាប្ដីស្រ្តី (ឈ្មោះ អុី គារិទ្ធ) ហើយឃាត់នាំខ្លួនសង្ស័យករណីហិង្សារូបនេះ គឺជាការអនុវត្តន៍បណ្ដឹងរបស់ស្រ្តីឈ្មោះ សាន នី អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយគ្នា ត្រូវជាម្ដាយក្មេកជនសង្ស័យ(ចាយ ស៊ីទន់) ។

ប្រភពព័ត៌មានខាងលើបន្តថា យោងតាមបណ្ដឹងស្រ្តីជាម្ដាយក្មេក(សាន នី)រាបរបថា ជនសង្ស័យជាកូនប្រសា(ចាយ ស៊ីទន់)បានផឹកសុីស្រវឹងជោកជាំរករឿងប្រពន្ធកូន និងប្រើហិង្សាក្នុងគ្រួសារ (វាយប្រពន្ធ) គាត់ជាម្ដាយឃើញបែបនេះ ក៏បានចូលទៅឃាត់ មិនត្រឹមតែលោកកូនប្រសារូបនេះមិនស្ដាប់នោះទេ ថែមទាំងដាល់ចំគុម្ពត្រចៀកគាត់បណ្ដាលឲ្យដួលឃ្ពោគទៅនឹងដីទៀត គាត់ប្រឹងងើប ប៉ុន្តែលោកកូន (ចាយ ស៊ីទន់) ច្រានដួលច្រងាប់ច្រងិលលើកូនស្រី(អុី គារិទ្ធ) ដែលត្រូវជាប្រពន្ធ ស្រ្តីជាម្ដាយក្មេកម្ចាស់បណ្ដឹងស្រែកហៅកូនស្រីម្នាក់ទៀតឈ្មោះ សេង ផល្លី មកជួយឃាត់ មិនត្រឹមតែលោកកូនប្រសារូបនេះស្ដាប់ទេ ថែមទាំងជេរប្រមាថថែមទៀត ។

ប្រភពដដែលបន្តទៀតថា ជនសង្ស័យរងបណ្ដឹងស្រ្តីជាម្ដាយក្មេក ដែលបានប្រើប្រាស់កណ្ដាប់ដៃដោះស្រាយបញ្ហាខាងលើ បាននាំយកមកអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបន្តនីតិវិធីសួរនាំផ្សេងៗ ៕ បុឹម ពិន


ចែករំលែក៖