ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច ទៀ បាញ់ ៖ ពិតជាគួរឱ្យអស់សំណើច ដែលមានគេចង់សង្គ្រោះជាតិក្នុងគ្រាដែលកម្ពុជាកំពុងមានសន្តិភាព

ចែករំលែក៖

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងថា “វាពិតជាគួរឱ្យអស់សំណើច ដែលមានគេចង់សង្គ្រោះជាតិក្នុងគ្រាដែលកម្ពុជាកំពុងមានសន្តិភាព មានការរីកចម្រើនលើគ្រប់វិស័យ និង ទទួលបានការកោតសរសើរពីសហគមន៍អន្តរជាតិទៅវិញ”។

នាព្រឹកថ្ងៃទី១៤ ខែសីហា នេះ សំណេរតាមរយៈហ្វេសប៊ុកផេក លោក ទៀ បាញ់ បន្តថា ដើម្បីសង្គ្រោះជាតិពីរបបខ្មែរក្រហម វីរជនរបស់យើងបានលះបង់គ្រប់បែបយ៉ាង រួមទាំងជីវិត។ ពួកគាត់បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការដឹកនាំនាវាកម្ពុជា ឱ្យរីកចម្រើនលើគ្រប់វិស័យ និង បានបង្កើនកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ ជាពិសេស តាមរយៈការចូលរួមក្នុងកិច្ចការរក្សាសន្តិភាពជូនបណ្តាប្រទេសដែលកំពុងមានសង្គ្រាមក្រោមឆត្រអង្គការសហប្រជាជាតិ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ រូបនេះសង្កត់ធ្ងន់ថា “ខ្ញុំគិតថា បើពួកគេចង់សង្គ្រោះជាតិ ក្រុមជ្រុលនិយមមួយក្តាប់តូចនោះ គួរតែមកសុំសង្គ្រោះជាតិក្នុងគ្រាសង្គ្រាមនាឆ្នាំ១៩៧៥”។

ការលើកឡើងរបស់លោក ទៀ បាញ់ ដែលនិយាយដល់ក្រុមជ្រុលនិយមមួយក្តាប់តូច នោះ ទំនងសំដៅដល់ក្រុមរបស់លោក សម រង្ស៊ី ដែលតែងតែអះអាងថា កម្ពុជាកំពុងជួបវិបត្តិហើយត្រូវការសង្គ្រោះ រហូតបង្កើតគណបក្សមួយឈ្មោះថា “សង្គ្រោះជាតិ” ដែលបច្ចុប្បន្ន ត្រូវបានតុលាការកំពូលរំលាយទៅហើយ ៕ ចេស្តា


ចែករំលែក៖