ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន២នាក់ ទៅកាន់តុលាការហើយ កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ម្សិលមិញនេះ បន្ទាប់ពីបានឃាត់ខ្លួនករណីឆបោកប្រាក់ពីពលរដ្ឋថារត់ការឱ្យចូលក្របខណ្ឌរដ្ឋ ។
សមត្ថកិច្ច បញ្ជាក់ថា៖ ជនសង្ស័យទី១-មានឈ្មោះថា ប៊ិន ឡាច ហៅ វ៉ែន សារ៉ាត់ ភេទប្រុស អាយុ៥៧ឆ្នាំ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៩ ខែសីហា នៅចំណុចភោជនីយដ្ឋាន ណានជីង សង្កាត់មិត្តភាព ខណ្ឌ៧មករា ។ ចំណែកជនសង្ស័យទី២-ឈ្មោះ តុប គឹមហុង ហៅ យឹម ឈុនហុង ភេទប្រុស អាយុ៤៦ឆ្នាំ ត្រូវបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១២ ខែសីហា ត្រង់ចំណុចទល់មុខភោជនីយដ្ឋានព្រឹកថ្មីល្ងាចស្រស់ ផ្លូវ១១៥កែង២៧៤ សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា ។
ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនបានប្រើល្បិចកុហកជនរងគ្រោះថាជាបងប្អូនជីដូនមួយរបស់លោក យឹម លាង ព្រមទាំងកុហកជនរងគ្រោះទៀតថា នៅពេលឆាប់ៗខាងមុខនេះ លោក យឹម លាង នឹងទៅកាន់អគ្គនាយកដ្ឋានវិស្វកម្ម ហើយបង្កើតនាយកដ្ឋានថ្មីចំនួន៦ ត្រូវការជ្រើសបុគ្គលិកចំនួន៣០០នាក់ ហើយគេអាចបញ្ចូលក្នុងក្របខណ្ឌបាន ។
នៅក្នុងនោះ ជនសង្ស័យដើរឆបោកទៅកាន់ជនរងគ្រោះថា ត្រូវចំណាយប្រាក់ទៅតាមឋានន្តរសក្តិ ក្នុងនោះថ្នាក់វរសេនីយ៍ តម្លៃ ៥,៥០០$ ទៅ ៦,០០០$ ថ្នាក់អនុសេនីយ៍ឯក តម្លៃ ៤,៥០០$ ទៅ ៥,០០០$ ថ្នាក់អនុសេនីយ៍ទោ តម្លៃ ៣,៥០០$ ទៅ ៤,០០០$ ថ្នាក់អនុសេនីយ៍ត្រី តម្លៃ ២,០០០$ ទៅ ២,៥០០$ និង ថ្នាក់ពលទាហាន តម្លៃ ៧០០$ ទៅ ១,០០០$ ។
ជនសង្ស័យដើរឆបោកប្រាក់ពីជងរងគ្រោះបែបនេះអស់សរុបប្រមាណ ១០០នាក់មកហើយ តែពុំមានជនរងគ្រោះណាម្នាក់បានចូលក្របខណ្ឌនោះទេ ។ ក្រោយធ្លាយព័ត៌មាននេះទៅដល់លោក យឹម លាង លោកបានដាក់ពាក្យប្តឹងទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឱ្យធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្តង ៕ ចេស្តា