ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចាប់ខ្លួនអ្នកលក់នំប៉ាវម្នាក់ ពីបទ ធ្វើឲ្យខូចខាតដោយចេតនា

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាអ្នកលក់នំប៉ាវ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ឃាត់ខ្លួនតាមដីការបស់តុលាការពីបទធ្វើឲ្យខូចខាតដោយចេតនា នៅផ្ទះលេខ៥២C ផ្លូវ២០៩A(បុរីវិមានភ្នំពេញ៥៩៨) សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៧ តាមដីកាបង្គាប់ឲ្យនាំខ្លួន លេខ ៥០៥«ច១» ដ.ច.ន ចុះថ្ងៃទី ២៨-២៩ ខែកញ្ញា ឆ្នាំ ២០១៧ ចេញដោយលោកថាន់ ឡេង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងការិយាល័យ បានចាប់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១០និង៣០នាទីព្រឹក នៅចំណុចផ្លូវលេខ១៤៦ កែងផ្លូវ២២១ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លោកនាយការិយាល័យបន្តថាជនសង្ស័យឈ្មោះ ឡាំ ម៉េងហៃ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់នំប៉ាវ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៣៦Z ផ្លូវលេខ ១៣៨ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ស រស្មី


ចែករំលែក៖