ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿង បុកម៉ូតូឆ្លងផ្លូវ របួសធ្ងន់ពីរនាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ស្រ្តី២នាក់ ត្រូវបានគេដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ពីបានរងរបួសធ្ងន់ ដោយសាររថយន្តតាកូម៉ាបុកពេញមួយទំហឹង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ 5 ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៨៧និង ៨៨ ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះម្នាក់ ឈ្មោះ សួន សុផាត អាយុ៣៨ឆ្នាំ រស់នៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង និង ម្នាក់ទៀតឈ្មោះ លន់ សុភាព អាយុ៣១ឆ្នាំខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១D-៥០៩៥ ជិះគ្នា២នាក់ ធ្វើដំណើរឆ្លងថ្នល់ពីលិចទៅកើត នៅពេលមកដល់ចំណុចកើតហេតុ ក៍ស្រាប់តែមានរថយន្ត តាកូម៉ា១គ្រឿង ពាក់ស្លាកលេខកំពង់ឆ្នាំង ២B-៧៧៧៤ ធ្វើដំណើរក្នុងទិសដៅពិជើទៅត្បូង បានបុកម៉ូតូរបស់ស្រ្តី ពេញទំហឹង បណ្តាលឲ្យជនរងគ្រោះប៉ើងខ្ទាតចេញពីម៉ូតូប្រមាណជាង៣ម៉ែត្ររងរបួសធ្ងន់តែម្តង ។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ។ ចំណែកមធ្យោបាយបង្ករត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖