ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន លោក គង់ គ្រឹង និងកូនប្រសារ ជាតម្រុយពិរុទ្ធភាព បង្ហាញពីសមត្ថកិច្ច អាជ្ញាធរ គ្រប់ស្ថាប័ន ត្រូវជាប់ពាក់ព័ន្ធក្នុងបទល្មើសរួមគ្នា

ចែករំលែក៖

ខេត្តក្រចេះ៖ លោក គង់ គ្រឹង និងកូនប្រសារត្រូវបានសមត្ថកិច្ចនគរបាលយុត្តិធម៍កងរាជអាវុធហត្ថខេត្តក្រចេះឃាត់ខ្លួន បន្ទាប់ពីចូលខ្លួនតាមការកោះហៅ ពីគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ ធ្វើកំណត់ហេតុស្តាប់ចម្លើយរួចមក នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ។
ការចូលខ្លួននៃជនសង្ស័យតាមការកំណត់ ជាលទ្ធផលសម្រាប់មន្ត្រីនគរបាលយុត្តិធម៍ តែអាចជាការលោះព្រលឹងទៅវិញទេ ក្នុងរឿងបទល្មើសព្រៃឈើ បើលោក គង់ គ្រឹង ឆ្លើយពីជនរាប់រយជំពូក ជាសមត្ថកិច្ច គ្រប់ស្ថាប័នទទួលប្រយោជន៍ពីគាត់ និងសម្របសម្រួលអោយដំណើរការដឹកជញ្ជូនបទល្មើសព្រៃឈើឆ្លងដែនទៅក្រៅប្រទេស ដែលការពារដោយសមត្ថកិច្ច ជំនាញ អាជ្ញាធរ សហជំនាញទទួលផល..?

ទោះជាយ៉ាងណាចុងក្រោយទីបំផុត …គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ បានសម្រេចឃាត់ខ្លួន ឧកញ៉ា គង់ គ្រឹង និងកូនប្រសារបស់គាត់ហើយ បន្ទាប់ពីសួរនាំអស់រយៈពេល១ថ្ងៃ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។ នេះបើតាមការបញ្ជាក់ពី ឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។
ឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបញ្ជាក់ប្រាប់បណ្តាញសាព័ត៌មាន យ៉ាងដូច្នេះថា៖ «ខណៈនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ និងមានការសម្របសម្រួលពីអយ្យការ កម្លាំងអាវុធហត្ថខេត្តក្រចេះ បានធ្វើការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន២រូប ក្នុងនោះមាន ជនសង្ស័យ ឧកញ៉ា គង់ គ្រឹង និងឈ្មោះ ម៉ាត់ ណាស៊ាត»។
លោកអះអាងថា យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នៃការស៊ើបអង្កេត មន្ត្រីនគរបាលយុត្តិធម៌ អាចឃាត់ខ្លួនបុគ្គលដែលសង្ស័យថា បានចូលរួមក្នុងបទល្មើស។
សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ ក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានកោះហៅឧកញ៉ា គង់ គ្រឹង ឱ្យចូលបំភ្លឺ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។
ឧកញ៉ា គង់ គ្រឹង មានទីលំនៅភូមិដីច្រាបថ្មី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ជាម្ចាស់រោងសិប្បកម្ម ម៉ាត់ ណាស៊ាត ត្រូវចូលបំភ្លឺតាមពេលវេលាកំណត់ និងត្រូវនាំឯកសារពាក់ព័ន្ធទៅជាមួយផងផងដែរ។
ការកោះហៅ ឧកញ៉ា គង់ គ្រឹង ជាឈ្មួញឈើម្នាក់ដែរនោះ ត្រូវបានបញ្ជាក់ក្នុងលិខិតកោះហៅរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនោះថា ដើម្បីដំណើរការស៊ើបអង្កេតឱ្យបានគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ត្រឹមត្រូវ។
គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបង្កើតឡើង កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ដែលពេលនេះកំពុងបើកប្រតិបត្តិការក្តៅគគុក ក្នុងការបង្ក្រាបបទល្មើសព្រៃឈើនៅកម្ពុជា។
សូមរម្លឹកថា៖ ការឃាត់ខ្លួនជនសង្ស័យទាំង២ ជាកម្មវត្ថុនៃតម្រុយបទល្មើសរួមគ្នា ដល់អ្នកសួរ អ្នកហៅ អ្នកផ្តល់យោបល់ អ្នកលួងលោមអោយចូលខ្លួន អ្នកយកលុយហើយប្រមាថ អ្នកនាំអោយគាត់ប្រព្រឹត្ត ….ចុងក្រោយ លោក គង់ គ្រឹង ជាជនផ្តល់ព័ត៍មានអោយ សមត្ថកិច្ច អស់ស័ក្តិ ជាប់គុក  ក្នុងបទល្មើសឈើឆ្លងដែន៕

សុខ ខេមរា


ចែករំលែក៖