សិង្ហបុរី៖ បទពិសោធន៍មិនបានរំពឹងទុកមួយ បានកើតឡើងជាមួយការជិះរថយន្ត Grab ដោយស្រ្តីជាគ្រូបង្រៀននៅសាលាមត្តេយ្យមួយរូបបានសម្រាលកូនដោយសុវត្តិភាព ក្នុងរថយន្ត Grab នៅតាមផ្លូវទៅមន្ទីរពេទ្យក្នុងប្រទេសសិង្ហបុរី នេះបើយោងតាមសារព័ត៌មាន The Straits Times របស់សិង្ហបុរី ។
យោងតាមប្រភពដដែល កាលពីល្ងាចថ្ងៃពុធ សប្ដាហ៍មុន អ្នកស្រី Nur Syazwani Muhammad Rosdi ដែលមានអាយុ ២៥ឆ្នាំ មានអារម្មណ៍ថា ទារកក្នុងផ្ទៃរបស់អ្នកស្រីបានរើបម្រះ និងឈឺពោះខ្លាំងដែលជាសញ្ញាបង្ហាញ អ្នកស្រីនឹងត្រូវសម្រាលក្នុងពេលឆាប់ៗ ។ អ្នកស្រី និង ស្វាមី ដែលរស់នៅតំបន់ Canberra ក៏បានកក់ រថយន្ត Grab ដើម្បីដឹកពួកគាត់ទៅមន្ទីរពេទ្យ Thomson Medical Centre ភ្លាមៗ ប៉ុន្តែ បន្ទាប់ពីធ្វើដំណើរបាន ១០ នាទី ទឹកភ្លោះរបស់អ្នកស្រី Syazwani ក៏បានបែក ។
អ្នកស្រី Syazwani បានសរសេលើកទំព័រ Facebook របស់ខ្លួនថា៖ «ខ្ញុំបានព្យាយាមគ្រប់គ្រងរាងកាយរបស់ខ្ញុំ ការកន្ត្រាក់ និងរាល់ការឈឺចាប់ផ្សេងទៀតដែលបានកើតឡើង ។ បន្ទាប់មករាងកាយរបស់ខ្ញុំបានសម្រេចចិត្តសម្រាលតែម្ដងទៅ…ខ្ញុំមិនអាចទ្រាំបានឡើយ និងបង្ខំចិត្តបោះបង់ការខ្មាស់អៀន ព្រោះរាងកាយរបស់ខ្ញុំបានប្រាប់ឲ្យរុញទារកចេញ ហើយខ្ញុំក៏ធ្វើបានសម្រេចតែម្តង» ។
លោក Kamarulnizam ជាស្វាមីរបស់អ្នកស្រី Syazwani បាននិយាយថា ការសម្រាលកូននេះបានចំណាយពេលអស់ ១០ នាទី ដែលលឿនណាស់ បើប្រៀបធៀបទៅកូនពីរដំបូងរបស់លោក ។ លោកបានមានប្រសសាន៍ថា៖ «ដៃម្ខាងខ្ញុំកាន់កូនស្រីខ្ញុំ ហើយដៃម្ខាងទៀតខ្ញុំកាន់សុករបស់ប្រពន្ធខ្ញុំ» ។
អ្នកស្រី និង ស្វាមីបានមកដល់មន្ទីរពេទ្យបន្ទាប់ពីបានចំណាយពេល ៣០ នាទីក្នុងការធ្វើដំណើរក្នុងរថយន្ត Grab ហើយអភ័យទោសដែលធ្វើឲ្យប្រឡាក់នៅក្នុងឡានរបស់អ្នកបើកបរ ហើយរំខានដល់អាជីវកម្មរបស់អ្នកបើកបររូបនោះ ។
លោក Kamarulnizam បាននិយាយថា ក្រៅពីថ្លៃការធ្វើដំណើរជាមួយ Grab ចំនួន ១៥ ដុល្លារសិង្ហបុរី និងប្រាក់ លើកទឹកចិត្ត (លុយធីប) ៨ ដុល្លារសិង្ហបុរី ដែលជាចំនួនអតិបរមាដែលពួកគេអាច ផ្តល់ឲ្យដល់អ្នកបើកបរពួកគេបានបង់សំណងចំនួន ២២០ ដុល្លារសិង្ហបុរីដល់ម្ចាស់ឡាន ។ សូមបញ្ចាក់ថា នេះជាលើកទី៤ហើយដែលទារកបានកើតនៅក្នុងរថយន្ត Grab៕ វឌ្ឍនា