ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូហុងដាឌ្រីមរេចង្កូតមកបុកម៉ូតូហុងដាគុបជ្រុង បណ្ដាលឲ្យរងរបួសធ្ងន់៣នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿង បើកដោយល្បឿនលឿន បានរេចង្កូតមកឆ្វេង ជ្រុលទៅបុកម៉ូតូហុងដាគុបជ្រុងមួយគ្រឿងទៀត បណ្ដាលធ្វើដំណើរច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះ៣នាក់ ជាអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរទាំងសង្ខាងទទួលរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង១៨ និង៤៥នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ លើផ្លូវលេខ៣៤ ស្ថិតក្នុងភូមិស្លែងគង់ ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ម៉ូតូបង្កម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GQ-6634 បើកបរដោយឈ្មោះ រុន ដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែកសេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល (របួសធ្ងន់) ។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកហុងដាគុបជ្រុង ធុនសេ៥០ ពណ៌ស្លែ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ណាន លីហួរ ភេទប្រុស អាយុ១៦ឆ្នាំ (រងរបួសធ្ងន់) និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ណាន រស្មី ភេទប្រុស អាយុ១៤ឆ្នាំ (រងរបួសធ្ងន់) ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិស្រុកឬស្សី ឃុំព្រះនិពាន្ធ ស្រុកគងពីសី ខេត្តកំពង់ស្ពឺ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញម៉ូតូបង្កម៉ាកហុងដាឌ្រីម ខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៤ ក្នុងទិសដៅពីកើតមកលិច ដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតមកឆ្វេង ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាគុបជ្រុងធ្វើដំណើរមានគ្នា២នាក់ បើកបរក្នុងទិសដៅច្រាស់គ្នាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះទាំង៣នាក់ ជាអ្នកធ្វើដំណើរលើទាំងសង្ខាងទទួលរងរបួសធ្ងន់ ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលចរាចចរណ៍ស្រុក បានចុះទៅធ្វើការអន្ដរាគមន៍ នៅកន្លែងកើតហេតុ រួចហៅរថយន្ដសាមុយដឹកជនរងគ្រោះទាំង៣នាក់ ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ដោយឡែកមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញ វាស់វែង រួចកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖