ព័ត៌មានទាន់ហេតុការណ៍៖

ជាងជួសជុលរថយន្ដម្នាក់ យកម៉ូទ័រស្វានដែកមកស្វានរថយន្ដឆ្លងចរន្ដអគ្គិសនីបណ្ដាលឲ្យឆក់ស្លាប់អាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនជាជាងជួសជុលរថយន្ដម្នាក់ ស្លាប់អាណោចអាធ័ម ខណៈយកម៉ូតូទ័រស្វានដែក មកស្វានដែកជួសជុលរថយន្ដ ស្រាប់តែម៉ូតូនោះ ឆ្លងចរន្ដអគ្គិសនី បណ្ដាលឲ្យឆក់ជនរងគ្រោះតែម្ដង ។ ករណីនេះ បានកើតឡើង នៅវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលផ្នែកកោសល្យវិច័យស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធី ណាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករជាងជួសជុលរថយន្ត មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ ។

ប្រភពដដែលបន្ដថា នៅថ្ងៃ/ខែឆ្នាំកើតហេតុ ជនរងគ្រោះបានមកធ្វើការងារជួសជុលរថយន្ដធម្មតាដូចសព្វមួយដង លុះមកដល់ម៉ោង១៣ និង៣០នាទី ជនរងគ្រោះបានយកម៉ូទ័រស្វានដែកនោះ មកស្វានរន្ធសាកស៊ីរថយន្ត ខណៈស្វានបានត្រឹម៦រន្ធ ស្រាប់តែជនរងគ្រោះស្រែកថា ឆក់អញហើយៗ ភ្លាមនោះឈ្មោះ ចំរើន ឌី ដែលនៅធ្វើការជាមួយគ្នា ស្ទុះទៅដកខ្សែភ្លើងចេញ ហើយជនរងគ្រោះបានដួលទៅដីនិយាយបានបួនប្រាំម៉ាត់ ក៏សន្លប់នៅ និងកន្លែងកើតហេតុ ភ្លាមនោះក៏ផ្អើលឆោឡោ នាំគ្នាយករថយន្ត ដឹកជនរងគ្រោះ យកទៅសង្គ្រោះនៅមណ្ឌលសុខភាពតាលន់ តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ក្រោយសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទទួលបានព័ត៌មានខាងលើ ភ្លាមនោះ ក៏រាយការណ៍បន្ដទៅនគរបាលជំនាញស្រុក ចុះមកពិនិត្យកន្លែងកើតហេតុ ដោយមានការចូលរួមពី ក្រុមប្រឹក្សាឃុំ ,លោកមេភូមិ និងគ្រូពេទ្យមណ្ឌលសុខភាពតាលន់ ដោយពិនិត្យឃើញថា ជនរងគ្រោះមានស្នាមជាំខ្លោចត្រង់ដៃខាងស្ដាំ ក្រៅពីនេះពុំមានស្នាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។ ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងប្រាកដមែន ។ ក្រោយពិនិត្យរួចសព្វគ្រប់ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាល ប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖