ព័ត៌មានទាន់ហេតុការណ៍៖

លោកតាម្នាក់ដង្ហើយរកយុត្តិធម៌ ខណៈសាលក្រមចូលស្ថាពរហើយ ពុំទាន់ទទួលសំណងសូម្បី១រៀលករណីគ្រួសារជនរងគ្រោះស្លាប់៣នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍បុករះមុខវិទ្យាល័យបឹងត្របែក

ចែករំលែក៖

ខេត្តកំពង់ចាម៖ លោកតា សុក សំអាត ដែលត្រូវជាឪពុកបង្កើតនិងជាឪពុកក្មេកគ្រួសារជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា បច្ចប្បន្ននេះ លោកតារស់នៅជាមួយចៅកំព្រា២នាក់ នៅក្នុងភូមិទី៣ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមានការខ្វះខាតទាំងជីវភាព ក្រោយពីកូនៗរបស់គាត់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរដ៍រន្ធត់មួយ កាលពីឆ្នាំ២០១៧ នៅមុខវិទ្យាល័យបឹងត្របែក សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តាលឲ្យមានមនុស្សស្លាប់៣នាក់ និងរងរបួស៨នាក់ទៀត ។

យោងតាមការបើកសវនាការជំនុំជម្រះជាសាធារណៈ , សាលាដំបូងរាជធានីភ្នំពេញ កាលពី ថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ ដែលមាន លោក នូ វាសនា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាស សាលក្រមផ្តន្ទាទោសបុរសម្នាក់ ដែលបង្ក គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់មនុស្ស៣នាក់ នៅ ដាក់ពន្ធនាគារ៣ឆ្នាំ តែអនុវត្តទោស២ឆ្នាំ និង សងសំណងជំងឺចិត្តចំនួន៣ម៉ឺនដុល្លារ ចំពោះអ្នកស្លាប់ផងដែរ ។

ប៉ុន្តែមកដល់ពេលនេះ ពុំមានការទូទាត់សំណងតាមសាលក្រមនោះឡើយ ទោះបីសាលក្រមនេះបានចូលជាស្ថាពរ រួចហើយក្តី ពោលគឺលោកតា សុក សំអាត ស្នើសុំនិងអំពាវនាវដល់តុលាការ ជួយរកយុត្តិធម៌និងដោះស្រាយពន្លឿនដល់គ្រួសាររងគ្រោះ ជាពិសេសកូនកំព្រា២នាក់រស់នៅគ្មានទីពឹង ជាលោកតាពោះម៉ាយ នៅឯស្រុក ។ ដូច្នោះគ្រួសាររងគ្រោះដែលកំពុងរង់ចាំសំណងនៅពេលនេះ ស្នើសុំឲ្យតុលាការជួយដោះស្រាយភាពអយុត្តិធម៌មួយនេះផង។

សាលក្រមដដែល បានបង្គាប់ឲ្យ ជនជាប់ចោទ សងប្រាក់ដល់ដើមបណ្តឹង ឈ្មោះយ៉ង់ សុខហេង ចំនួន៣ម៉ឺនដុល្លារ និង សងដើមបណ្តឹង ម្នាក់ទៀត ចំនួន១ម៉ឺនដុល្លារ គឺ ឈ្មោះ ចាន់ ថាវី ។

ជនជាប់ចោទ ឈ្មោះ មាស សុខហេង អាយុ៣០ឆ្នាំ មុខរបរលក់ ទូរស័ព្ទ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ ពីបទបើកបរ ធ្វេសប្រហែស បណ្តាលឲ្យស្លាប់អ្នកដទៃ និង របួសជាច្រើននាក់ ។

គួររំលឹកថា គ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តមួយគ្រឿង បើកបុករះម៉ូតូ នៅតាមផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ពោលគឺ នៅជិតច្រមុះជ្រូកក្បាលថ្នល់នោះ បានបណ្តាលឲ្យស្លាប់៣នាក់ របួសជិត១០នាក់ និងខូចខាតម៉ូតូជិត១០គ្រឿង។

ជនបង្កត្រូវបានគេដឹងថា មានឈ្មោះ មាស សុខហេង អាយុប្រមាណ៣០ឆ្នាំ ជាអ្នកលក់ទូរសព្ទ័ដៃ នៅចាក់អង្រែក្រោម។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ បង្កដោយរថយន្តមួយគ្រឿងម៉ាក Camry ឆ្លាម ពាក់ស្លាកលេខភ្នំពេញ 2M-2245 ៕ ចេស្តា


ចែករំលែក៖