ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបើករថយន្តស៊េរីទំនើប បុកម៉ូតូអូសជាង១០០ម៉ែត្រ ម្ចាស់ខ្ទាតចេញ រងរបួសស្រាល រួចសង600$បញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ និងមានអ្នករួមដំណើរដោយបុរសពីរនាក់ទៀត បានបើករថយន្តស៊េរីទំនើបម៉ាក រ៉េងរ៉ូវើ មួយគ្រឿង ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ជិះដោយបុរសម្នាក់ ចំពីចំហៀងពេញទំហឹង បណ្តាលឲ្យអូសម៉ូតូជាប់ក្រោមរថយន្តជាង១០០ម៉ែត្រ ម្ចាស់ខ្ទាតចេញរងរបួសស្រាល ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៣៦០ កែងនឹងផ្លូវ១០៥ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1O-6324 ដំណើរតាមបណ្តោយផ្លូវ១០៥ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ផ្លូវបែកជាបួន ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងម៉ាករ៉េងរ៉ូវើ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AV-9797 បើកបរដោយបុរសជនជាតិចិនម្នាក់ រួមដំណើរដោយបុរសជនជាតិចិនពីរនាក់ទៀត ធ្វើដំណើតាមបណ្តោយផ្លូវ៣៦០ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ហើយក៏បុកចំពាក់កណ្តាលម៉ូតូពេញទំហឹងធ្វើឲ្យម្ចាស់ខ្ទាតចេញរងរបួសស្រាល ចំណែកម៉ូតូជាប់ក្រោមរថយន្តអូសជាង១០០ម៉ែត្រ ក៏ត្រូវពលរដ្ឋជួយឃាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍បានចុះមកដល់ តែដោយភាគីទាំងសងខាងសម្របសម្រួលគ្នាបន្តិចសិន ដោយខាងភាគីខាងរថយន្តបង្កជាជនជាតិចិនបានចេញសំណងចំនួន៦០០ដុល្លារទៅឲ្យភាគីខាងម៉ូតូដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ ភារ៉ា ដង្កោ


ចែករំលែក៖