ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ បានធ្វើសកម្មភាពលួចម៉ូតូ ត្រូវប្រជាពលរដ្ឋឃើញ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ភ្លាមៗ ដោយឃាត់ខ្លួនបានម្នាក់ ។ ចំណែកបក្ខពួកម្នាក់ទៀតគេចខ្លួនបាត់ ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃអាទិត្យ ៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខទ្វារចូលផ្ទះលេខ៤២ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ជនសង្ស័យឈ្មោះ ទុច ចយ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវរត់ភ្លើង សង្កាត់ប៉ប្រកខាងជើង ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះ ឈ្មោះ ថុក គឹមស្រាន ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៤២ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
សម្ភារៈបន្សល់ទុក ៖ម៉ូតូ០១គ្រឿង ម៉ាងសង់សេរីចាស់ គ្មានស្លាកលេខ , ដែកលួសកែច្នៃឆ្កឹះសោមួយ និងមេសោចិនមួយ។
តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោលឃ្លាង បានទទួលព័ត៌មានពីប្រជាពលរដ្ឋថានៅចំណុចខាងលើ ពួកគេបានចាប់ជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូពលរដ្ឋ ភ្លាមនោះសមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុ ក៏នាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។ ចំណែកបក្ខពួកជនសង្ស័យ ឈ្មោះ ហា (គេចខ្លួនបាត់) ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ចន្ទ លីហ្សា