ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហាររោងការនៅអាហ្វហ្គានីស្ថាន ក្រុម​IS ​ចេញមុខទទួលស្គាល់ថា ជាសកម្មភាព​របស់ខ្លួន

ចែករំលែក៖

ការវាយប្រហារយ៉ាងរន្ធត់នៅក្នុងពិធីរៀបការ នៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ​បណ្តាលឲ្យមានអ្នកស្លាប់ ជាង​៦០នាក់ ។ នៅពេលនេះ ក្រុមភេរវករ IS ​ទទួលស្គាល់ការវាយប្រហារខាងលើ ក្រុម​ IS ជាអ្នកធ្វើ​ ។

ក្រុមភេរវករ IS ​កាលពីថ្ងៃទី​១៨ ខែសីហា បានចេញមុខទទួលស្គាល់​ថា ក្រុមខ្លួនជាអ្នកវាយប្រហារដោយគ្រាប់បែក នៅក្នុងពិធីមង្គលការ នៅប្រទេសអាហ្វហ្គានីស្ថាន បណ្តាលឲ្យមនុស្សស្លាប់ និងរបួស ចំនួន​២៤០នាក់​ ។

សារព័ត៌មាន AP ​បានដកស្រង់សម្តី​របស់មន្ត្រីអាហ្វហ្គានីស្ថាន បានបញ្ជាក់ថា ការវាយប្រហារដោយគ្រាប់​បែកអត្តឃាត នៅក្នុងពិធីមង្គលការ នៅ​ទីក្រុងកាប៊ុល នោះ ចំនួនអ្នកស្លាប់ បានកើនឡើងដល់​៦៣នាក់ និង​១៨២នាក់រងរបួស​ ។

ហេតុការណ៍វាយប្រហារដោយគ្រាប់បែកអត្ដឃាតនេះ បានកើតឡើង ​នៅមជ្ឈមណ្ឌល​​រៀបចំពិធីជប់លៀង អាពាហ៍ពិពាហ៍​​ …Dubai City ដែលភាគច្រើនជាក្រុមជនជាតិអ៊ីស្លាម និងកាយស៊ីអ៊ីតរស់នៅ​ ។ រីឯការវាយប្រហារនោះ គឺកើតឡើង ក្នុងពេលមានពលរដ្ឋជាច្រើន​នាក់ បានទៅចូលរួមពិធី​ទទួលទានអាហារ នៅក្នុងពិធីមង្គលការនោះ ។

លោក​ Sediq Deddiqi ​អ្នកនាំពាក្យប្រធានាធិបតីអាហ្វហ្គានីស្ថាន បានបញ្ជាក់ថា «នេះជាបទល្មើសប្រឆាំងនឹងប្រជាជនរបស់យើង ពេលបំផ្ទុះគ្រាប់បែកអត្តឃាត នៅក្នុងពិធីរៀបការបែបនេះ» ។

នៅមជ្ឈមណ្ឌលរៀបចំពិធីមង្គលការ ​ និងកម្មវិធីផ្សេងៗ តែងតែមានពលរដ្ឋ​រាប់ពាន់នាក់ចូលរួម​ ជាពិសេស នៅចុងសប្តាហ៍​ ។ ដោយសារតែមានពិធីបែបនេះ ទើបការវាយប្រហារអត្តឃាត​នោះ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសច្រើនបែបនេះ​ ។ អ្នកស្លាប់អាចនឹងបន្តកើនឡើងបន្ថែមទៀត ព្រោះអ្នករបួសធ្ងន់ខ្លះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត​ ។

សារព័ត៌មានខាអាម៉ា(Khaama) បានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនយ៉ាងដូច្នេះថា «ក្រុមអង្គការរដ្ឋឥស្លាមស្ថិតនៅទឹកដីអ៊ីរ៉ាក់ និងស៊ីរី ដែលហៅកាត់ថា ISIS បានអះអាងទទួលខុសត្រូវ ចំពោះការបំផ្ទុះគ្រាប់បែកដ៏សាហាវនៅភាគខាងលិចទីក្រុងកាប៊ុល ហើយថែមទាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយជាភាសាអារ៉ាប់ថា ការវាយប្រហារនេះត្រូវបានធ្វើឡើង ដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ឈ្មោះថា អាប៊ូ អាស៊ីម អាល់ប៉ាគីស្ថាន (Abu Asim Al-Pakistan)» ។

គួរជាម្រាបថា ការបំផ្ទុះគ្រាប់បែកអត្តឃាតដ៏សាហាវខាងលើ បានកើតឡើងនៅម៉ោង ១០៖៤០នាទីយប់ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍មុន (ម៉ោងក្នុងតំបន់) កំឡុងពិធីមង្គលការនៅឯសាលរៀបអាពាហ៍ពិពាហ៍មួយកន្លែង នៅក្នុងរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ។ ក្នុងហេតុការណ៍ភេរវកម្មនេះបានសម្លាប់ជីវិតមនុស្សយ៉ាងហោច ៦៣នាក់ និងច្រើនជាង ១៨០នាក់ផ្សេងទៀតរងរបួស ៕


ចែករំលែក៖