ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបន្ទាប់ពីជននេះបានធ្វើសកម្មភាពលួចម៉ូតូមន្រ្តីយោធាម្នាក់ មិនបានសម្រេចក៏ត្រូវជនរងគ្រោះឃើញទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការបន្តតាមច្បាប់ ។
ករណីឃាត់ខ្លួនចោរលួចម៉ូតូខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃអាទិត្យ ៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៤៥នាទី ត្រង់ចំណុចមុខឃ្លាំងមួយកន្លែង ស្ថិតភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យមានឈ្មោះ ស៊ុយ ធុច ហៅភា ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរកម្មករ សំណង់ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះឈ្មោះ ជីម សុផល មុខរបរយោធា មានទីលំនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
សម្ភារដកហូតបាន៖ ម៉ូតូមួយគ្រឿង ម៉ាកស្ស៊យស៊ីគីស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CH-7054 ដែកឆាបចំនួន១ ; ដែកសសៃតូចសម្រាប់ឆ្គឹះសោចំនួន២; កន្ត្រៃ កាត់ព្រុយក្រណាត់ចំនួន១ ;កាំបិតចុងស្រួចចំនួន១ ;ដកទឹកសម្រាប់ជក់គ្រឿងញៀន១ឈុត ។
បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនមកកាន់ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃាត់ខ្លួនជាបណ្តោះអាសន្ននិងចាត់ការតាមនិតិវិធី ៕ សុខា សែនជ័យ