ភ្នំពេញ ៖ បុរសជនជាតិចិន និងនារីខ្មែរ បើកម៉ូតូដេញតាមក្រុមជនសង្ស័យ ដែលគេបានឆក់កាបូបរបស់ពួកគាត់ បណ្តាលឲ្យដួលបោកក្បាលរងរបួសធ្ងន់២នាក់ ត្រូវបានគេជួយហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៣៖៥០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភ្លើងស្តុបផ្លូវលេខ២១៧ កែងនិងផ្លូវលេខ១៣៩ ក្នុងសង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ បើកម៉ូតូ១គ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HP-5270 ឌុបគ្នា ក្នុងទិសដៅពីកើតទៅលិច ដោយស្រែថា ចោរៗ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូរេចង្កូតឡើងខឿនផ្លូវទៅបុករនាំងដែក ដែលគេដាក់លក់ផ្លែឈើ បណ្តាលឲ្យដួលបោកក្បាលរងរបួសធ្ងន់ទាំង២នាក់ ។ ជុំវិញនិងករណីនេះដែរ គេមិនទាន់ដឹងថា ក្រុមជនសង្ស័យឆក់យកកាបូបពីជនរងគ្រោះបានសម្រេច ឬយ៉ាងណានោះទេ ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ករណីនេះ មិនដឹងថា ជាករណីឆក់កាបូប ឬជាករណីអ្វីឲ្យច្បាស់នៅឡើយទេ ព្រោះពេលសមត្ថកិច្ចមកដល់ឃើញជនរងគ្រោះដួលសន្លប់អស់ ក៏ហៅរថយន្តដឹកទៅសង្គោះតែម្តង ។ ក្រោយកើតហេតុ សមត្ថកិច្ចបានយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ទុកប្រគាល់ឲ្យក្រុមគ្រួសារនៅពេលក្រោយ ៕ ជ្រោយពេជ្រ