នៅពេលនេះ អាមេរិកបានសម្រេចសាកល្បងមីស៊ីល ដែលបានហាមឃាត់នៅក្នុងសន្ធិសញ្ញាINF ក្រោយពេលដែលលោកត្រាំ បានដកអាមេរិកចេញពីសន្ធិសញ្ញានេះ ។ មីស៊ីលដែលអាមេរិកទើបតែសាកល្បងនោះ ជាកម្រិតមធ្យម មាន រយៈចម្ងាយជាង៥០០គីឡូម៉ែត្រ ។ សន្ធិសញ្ញាថាមពលអាវុធនុយក្លេអ៊ែរ រយៈចម្ងាយមធ្យម (INF) បានឈានចូលដល់ទីបញ្ចប់កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ។
ការសាកល្បងមីស៊ីលរបស់អាមេរិក នៅពេលនេះ បានធ្វើឡើង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នាវេលាម៉ោង២ និង៣០នាទីរសៀល (ម៉ោងនៅក្នុងតំបន់) ស្ថិតនៅដែនកោះ សាន់នីកូឡាស រដ្ឋកាលីហ្វ័រនីញ៉ា ។ មន្រ្ដីមន្ទីរបង់តាហ្គូន បានអះអាងថា «ការបាញ់សាកល្បងមីស៊ីល នៅពេលនេះ បានបាញ់ចេញពីជើងទម្របាញ់មីស៊ីលចល័ត នៅលើដី ហើយវាបានទៅដល់គោលដៅបានយ៉ាងល្អឥតខ្ចោះ ក្រោយពេលវាហោះហើរ បានចម្ងាយជាង៥០០គីឡូម៉ែត្រ» ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក វរសេនីយ៍ទោ Carla Gleason បានបញ្ជាក់ថា ក្រសួងការពារជាតិ បានបាញ់សាកល្បងមីស៊ីល ចេញពីជើងទម្របាញ់មីស៊ីលចល័ត នៅលើដី ដោយបាញ់ចេញពីឈូងសមុទ្រភាគខាងលិច នៃអាមេរិក កាលពីថ្ងៃអាទិត្យ (១៨ សីហា) ។ នៅពេលនេះ យើងកំពុងវាយតម្លៃ ពីលទ្ធផលនៃការបាញ់សាកល្បងមីស៊ីលនោះ ។
យោងតាមមន្ត្រីក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ថា ទិន្ន័យដែលទទួលបាន និងមេរៀនដែលបានរៀន អំពីការសាកល្បងមីស៊ីល នៅពេលនេះ នឹងផ្តល់ជូនក្រសួងការពារជាតិអាមេរិក នាយកដ្ឋានអនាគតអភិវឌ្ឍន៍សមត្ថភាពមីស៊ីល រយៈចម្ងាយមធ្យម ។
សន្ធិសញ្ញា INF តម្រូវឲ្យអាមេរិក និងរុស្ស៊ី លុបបំបាត់ចោល ឬទុកចោលជាអចិន្ត្រៃយ៍នូវអាវុធនុយក្លេអ៊ែរ និងមីស៊ីលរំលងងទ្វីប និងឧបករណ៍បាញ់មីស៊ីលចល័ត ដែលបាញ់មីស៊ីល រយៈចម្ងាយពី៥០០គីឡូម៉ែត្រ ដល់៥ ៥០០គីឡូម៉ែត្រ៕