ព័ត៌មានទាន់ហេតុការណ៍៖

តំបន់កាស្មៀរកាន់តែតានតឹង អាមេរិក អំពាវនាវឲ្យដោះស្រាយតាមរយៈ​កិច្ចពិភាក្សា

ចែករំលែក៖

អាមេរិក និងបណ្តាប្រទេសជុំវិញពិភពលោកបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដោយខ្លាចប្រទេស​បរមាណូ ឥណ្ឌា និងប៉ាគីស្ថានផ្ទុះអាវុធដាក់គ្នាក្លាយទៅជាសង្គ្រាមទ្រង់ទ្រាយធំ ។ ពេលថ្មីៗនេះប៉ាគីស្ថាន បានប្រកាសថា ទាហានរបស់ខ្លួនបានបាញ់សម្លាប់ទាហានឥណ្ឌា ​៦នាក់​ ។

នៅពេលនេះ​ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក​ Mark Esper ​បានបញ្ជាក់ថា តំបន់កាស្មៀរ​ គឺជាបញ្ហាផ្ទៃក្នុង​របស់ឥណ្ឌា ហើយរាល់បញ្ហាពាក់ព័ន្ធ​ រវាងឥណ្ឌា និង ប៉ាគីស្ថាន គឺត្រូវតែដោះស្រាយ​ ដោយសន្តិភាព តាមរយៈកិច្ចពិភាក្សាទ្វេភាគីរបស់ប្រទេសទាំងពីរ​ ។

នៅថ្ងៃទី​២១ ខែសីហា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ​លោក​ Mark Esper ​មានជំនួបពិភាក្សាជាមួយសមភាគីឥណ្ឌា លោក​ Rajnath Singh ​ដោយភាគីទាំងពីរបានសន្យាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការ​ការពារជាតិទ្វេភាគី ។

នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិទាំងពីរ បានពិភាក្សាផ្ដោតយ៉ាងសំខាន់ទៅលើ​កិច្ចសហប្រតិបត្តិការ ស្រាវជ្រាវ ​ និងអភិវឌ្ឍ ក្នុងវិស័យយោធា​អាមេរិក និង ឥណ្ឌា ។ ពាក់ព័ន្ធនឹងបញ្ហាកាស្មៀរ លោក​ Esper ​បញ្ជាក់ថា ​នេះគឺជាបញ្ហាផ្ទៃក្នុងរបស់ឥណ្ឌា និងប៉ាគីស្ថាន ហើយភាគីទាំងពីរ ចាំបាច់ត្រូវតែដោះស្រាយ ដោយកិច្ចការបរទេស ។

មន្ត្រីការពារជាតិ នៃប្រទេសទាំងពីរ បានបង្ហាញពីការពេញចិត្តយ៉ាងខ្លាំង ​ចំពោះ​អ្វីដែលអាមេរិក និងឥណ្ឌា បានរួមគ្នាធ្វើ​ ។ ក្រៅពីនេះ ប្រទេសទាំងពីរ មានគម្រោងធ្វើសមយុទ្ធរួមគ្នា ​នៅចុងឆ្នាំ​២០១៩នេះ ក៏ដូចជា រៀបចំកិច្ចពិភាក្សា ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងការពារជាតិ ឥណ្ឌា អាមេរិក​​ ។

ស្ថានការណ៍តានតឹង​កំពុងកើនកម្លៅឡើងយ៉ាងខ្លាំង ​រវាង​ប្រទេសទាំងពីរ កាលពីអំឡុងពេលថ្មីៗនេះ រហូត​មានការបាញ់​ប្រហារគ្នាទៅវិញទៅមក​ជាច្រើន​ដង នៅ​តំបន់​ព្រំដែនស ស្ថិតក្នុងទឹកដីកាស្មៀរ ។ បន្ទាប់ពីមានការបាញ់ប្រហារគ្នានោះមក រដ្ឋាភិបាលប៉ាគីស្ថាន និង ឥណ្ឌាបន្ទោសគ្នាទៅវិញទៅមក លើការរំលោភបទឈប់បាញ់ ដែល​បានព្រមព្រៀង ក្រោយស្ថានការណ៍តានតឹង​ កាលពីអំឡុងខែកុម្ភៈ និងខែមីនា ។

អ្នកនាំពាក្យ នៃកងកម្លាំងប្រដាប់អាវុធប៉ាគីស្ថាន លោកឧត្តមសេនីយ៍ទោ Asif Ghafoor បានថ្លែងថា កម្លាំងយោធា​បានឆ្លើយតប​តាមរបៀប ដែលសមនឹងការរំលោភបទឈប់បាញ់ ស្ថិតនៅ Tatta Pani ជិតតំបន់ស (​Line of Control) ដែលពួកទាហាន​ឥណ្ឌាបានរំលោភបំពាន ។ យោងតាមលោក Ghafoor បានបញ្ជាក់ថា ការផ្ទុះអាវុធនោះ បានធ្វើឲ្យទាហានឥណ្ឌា​៦នាក់ ក្នុងនោះ​មាន​មន្ត្រី​ម្នាក់ផងដែរ ត្រូវបានសម្លាប់ និងលេណដ្ឋានចំនួន២កន្លែង ត្រូវបានបំផ្លាញ​ ដោយការឆ្លើយតបពីភាគីប៉ាគីស្ថាន ។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យយោធាប៉ាគីស្ថាន​ បានចោទប្រកាន់ថា កងកម្លាំងយោធាឥណ្ឌា​ បានរំលោភបំពានលើបទឈប់បាញ់ ទើបបណ្តាល​ឲ្យស្លាប់​ជនស៊ីវិល៣នាក់​ ក្នុងនោះមានម្នាក់ជាក្មេងប្រុស​អាយុ៧ឆ្នាំ ។

ទោះជាយ៉ាងណា ភាគីឥណ្ឌា ​នៅមិនទាន់ឆ្លើយតបចំពោះការលើកឡើងរបស់ប៉ាគីស្ថាន ជុំវិញការបាញ់ប្រហារគ្នា នោះឡើយ ។ ពាក់ព័ន្ធការរំលោភបំពាន​បទឈប់បាញ់នោះដែរ ទីក្រុងអិស្លាម៉ាបាដ បានកោះ​ហៅមន្ត្រី​ទូតជាន់ខ្ពស់ឥណ្ឌា​ ប្រចាំនៅប៉ាគីស្ថាន គឺឧត្តមស្នងការរង Gaurav Ahluwalia ថ្កោលទោស​ចំពោះសកម្មភាពរបស់ទីក្រុងញូវដេលី ។

ដោយឡែកមន្ត្រីយោធាឥណ្ឌា​ បានថ្លែងថា ប៉ាគីស្ថានបាន​រំលោភបំពាលលើបទឈប់បាញ់ នៅតំបន់ Krishna Ghati ស្ថិតនៅក្នុងស្រុក Poonch ខេត្ត Jammu និង Kashmir កាលពីថ្ងៃទី២០ ខែសីហា ដោយប្រើប្រាស់អាវុធធុនតូច និងគ្រាប់កាំភ្លើងត្បាល់​បាញ់ប្រហារ ។ យោងតាមមន្ត្រីនោះ ការវាយប្រហារ បានសម្លាប់ទាហានម្នាក់ និងរបួស​៤នាក់ ៕


ចែករំលែក៖