ភ្នំពេញ៖ រថយន្តធុនធំចំនួន៦គ្រឿង និងរថយន្តតាក់ស៊ីចំនួនមួយចំនួនទៀត ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ បង្កភាពរញ៉េរញ៉ៃ លើដងផ្លូវជាតិលេខ១ ត្រូវបានលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ណែនាំឲ្យកម្លាំងសន្តិសុខខណ្ឌ ចាប់យកមករក្សាទុកមួយរយៈដើម្បីជាការព្រមានកុំឲ្យបំពានលើគោលការណែនាំរបស់រដ្ឋបាលខណ្ឌ ។
យុទ្ធនាការរៀបចំសណ្តាប់ធ្នាប់លើដងផ្លូវជាតិ និងផ្លូវមួយចំនួនទៀតក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅនេះធ្វើឡើងជាប្រចាំ សម្រាប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នេះអាជ្ញាធរខណ្ឌច្បារអំពៅបានចុះចាប់រថយន្តដឹកទំនិញធុនធ្ងន់ រួមទាំងរថយន្តដឹកជញ្ជូនខ្សាច់សើមធ្វើឲ្យទឹកហូរលាយខ្សាច់ចេញពីរថយន្តធ្លាក់មកលើផ្លូវជាតិលេខ១ រថយន្តតាក់ស៉ីដែលឈប់ចតនៅលើចិញ្ចើមផ្លូវជាតិលេខ១ ដើម្បីរត់ចាប់ម៉ូយប្រសេចប្រសាច ។
លោកញៀន ច័ន្ទសោភា នាយករងរដ្ឋបាលដែលដឹកនាំកម្លាំងចុះចាប់យានយន្តដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈបានប្រាប់ដូច្នេះថា ដោយមានការណែនាំផ្ទាល់ពីលោកអភិបាលខណ្ឌ កម្លាំងសន្តិសុខខណ្ឌបានបែងចែកគោលដៅគ្នាចុះយុទ្ធនាការតាមដងផ្លូវ ជាពិសេសផ្លូវជាតិលេខ១ ។ ជាលទ្ធផលសម្រាប់ថ្ងៃទី២១ ខែសីហា នេះកម្លាំងសន្តិសុខដែលចុះយុទ្ធនាការ ចាប់បានរថយន្តដឹកទំនិញធុនធ្ងន់ប្រភេទយីឌុប បានចំនួន៦គ្រឿង ដោយសារតែរថយន្តដឹកទំនិញធុនធំទាំង៦គ្រឿងនេះធ្វើប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ។ ចំណែករថយន្តតាក់ស៉ីដែលសមត្ថកិច្ចចាប់យកមករក្សាទុកនៅសាលាខណ្ឌនេះ ដោយសារតែរថយន្តរថយន្តតាក់ស៉ីមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលខណ្ឌនោះឡើយ គឺឈប់ចតនៅលើចិញ្ចើមផ្លូវជាតិលេខ១ហើយរត់ចាប់ម៉ូយដាក់រថយន្តប្រសេចប្រសាចធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ ទើបសមត្ថកិច្ចចាប់យកមករក្សាទុក ៧ថ្ងៃបើមានការអន្តរាគមន៍ លោកអភិបាលខណ្ឌឲ្យរក្សាទុករហូតដល់កន្លះខែដើម្បីឲ្យរាងចាល ។
ក្នុងនាមរដ្ឋបាលខណ្ឌសូមអំពាវនាវដល់ម្ចាស់យានយន្តដែលធ្វើចរាចរឆ្លងកាត់ភូមិសាស្ត្រខណ្ឌច្បារអំពៅត្រូវចូលរួមអនុវត្តច្បាប់ចរាចរ ក៏ដូចជាអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាការណែនាំរបស់ខណ្ឌច្បារអំពៅដើម្បីសណ្តាប់ធ្នាប់ល្អ ផ្លូវមានសោភ័ណ្ឌភាព និងបរិស្ថានស្អាត់ ទីក្រុងស្អាត់ គឺផ្តើមពីយើងទាំងអស់គ្នា ៕ សណ្តោស