បើទោះបីប្រទេសកូរ៉េទាំងពីរមានទំនាក់ទំនងល្អប្រសើរនឹងគ្នា ប៉ុន្តែប្រទេសទាំងពីរនៅមិនទាន់ទុកចិត្តគ្នាទាំងស្រុងនៅឡើយទេ ដោយប្រទេសទាំងពីរស្ថិតនៅក្នុងសង្គ្រាមដដែល ។
លោកប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូនជេអ៊ីន និងលោក គីម ជុងអ៊ុន សត្រូវនឹងគ្នាបានជួបគ្នាជាច្រើនលើកមកហើយ មុនលោក គីម ជុងអ៊ុន ជួបលោក ត្រាំ ។ ជំនួបមេដឹកនាំបងប្អូននឹងគ្នានេះ បាននាំមកនូវការរំពឹងពីការផ្សះផ្សាជាតិយ៉ាងទូលំទូលាយហើយធ្វើឲ្យប្រទេសទាំងពីរអាចរស់នៅលើឧបទ្វីប ជាមួយគ្នារាប់រយឆ្នាំទៅមុខទៀត ។ មិន តែប៉ុណ្ណោះ មានការរំពឹងពីការផ្សាភ្ជាប់ឡើងវិញ ហើយធ្វើសមាហរណកម្ម ជាត់សាសន៍ឡើងវិញផងដែរ ។ ឆន្ទៈរបស់មេដឹកនាំកូរ៉េខាងត្បូងដែលប្រាថ្នាចង់ជួប លោក គីម ជុងអ៊ុន គ្មានអ្វីក្រៅពីធ្វើឲ្យប្រទេសមានសន្ដិភាព ហើយប្រជាជនអាចនិយាយរកគ្នាបានក្នុងឋានៈជាបងប្អូននឹងគ្នានោះទេ ។ សម្រាប់លោក គីម ជុងអ៊ុន វិញ ដែលពីមុនប្រកាន់ជំហរចង្អៀតចង្អល់ជាខ្លាំង តែពេលនេះ ចិត្តគំនិត និងបេះដូងរបស់មេដឹកនាំគុំម្មុយនីស្ដរូបនេះ ត្រូវបានគេមើលឃើញថា ក្លាយជាជាតិសាសន៍កូរ៉េដូចគ្នា ។ តែជាការកត់សម្គាល់ នៅពេលដែលមេដឹកនាំទាំងពីរ បង្ហាញភាពស្និទស្នាលជាប្រទេសឈាមជ័រតែមួយ គឺ ប្រទេសចិនឯណោះវិញដែលមានឈាមជ័រទីទៃ ក៏រឹតតែបង្ហាញភាពទន់ភ្លន់ជាមួយកូរ៉េខាងជើងខ្លាំងជាងមុនទៀត ។
តាមរយៈទស្សនកិច្ចចុងក្រោយនេះ គេអាចវាយតម្លៃថា លោក គីម ជុងអ៊ុន ត្រូវលោក ស៊ី ជីនភីង ហៅឲ្យទៅទទួលយោបល់ថែមទៀត មុននឹងមេដឹកនាំកូរ៉េខាងជើងធ្វើសេចក្ដីសម្រេចអ្វីមួយ ។ នេះបើតាមសារព័ត៌មានជប៉ុន The Nikkei ។ ប៉ុន្ដែសារព័ត៌មានកូរ៉េខាងជើង Rodong Sinmun បានចុះផ្សាយថា មុនលោក គីម ជុងអ៊ុន ទៅជួបលោក ស៊ីជីនភីង មេដឹកនាំកូរ៉េខាងជើងរូបនេះបានសរសេរលិខិតអបអរសាទរខួបកំណើតរបស់លោក ស៊ី ជីនភីង ។ អ្នកវិភាគរបស់គេហទំព័រ ឌីប្ល៊ូមម៉ាត បានធ្វើអត្ថាធិប្បាយថា ទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ទំនងជាការដោះដូរទស្សនៈគ្នាថ្មីៗថែមទៀត ដើម្បីធ្វើការឆ្លុះបញ្ចាំងពីការវិវឌ្ឍន៍ចុងក្រោយដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានយល់ព្រមព្យួរសមយុទ្ធយោធាជាមួយគ្នា ។
ការបាញ់សាកល្បងមីស៊ីលរយៈចំងាយខ្លី និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតរបស់កូរ៉េខាងជើង ជាបន្តបន្ទាប់នាពេលថ្មីៗនេះ ត្រូវបានក្រុមអ្នកជំនាញមើលឃើញថា គឺជាការបោះជំហានមួយដ៏សំខាន់ ក្នុងការធ្វើទំនើបកម្មយោធានៃរបបដឹកនាំទីក្រុងព្យុយ៉ាង ។ ការធ្វើតេស្ដទាំងនេះអាចនឹងកើតឡើងជាថ្មី ទៀត នៅប៉ុន្មានសប្ដាហ៍ខាងមុខ រហូតទាល់តែកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបញ្ចប់សមយុទ្ធយោធា រួមគ្នា នៅក្នុងខែសីហានេះ ។
ប៉ុន្តែ មិនមែនមានតែកូរ៉េខាងជើងទេ ដែលកំពុងអភិវឌ្ឍសមត្ថភាពយោធា កូរ៉េខាងត្បូងក៏កំពុងពង្រឹង កម្លាំងទ័ពរបស់ខ្លួនតាមរយៈការទិញបរិក្ខាយោធាបន្ថែម ពីសហរដ្ឋអាមេរិកផងដែរ ។ ពោលគឺនិយាយ ឱ្យចំ កូរ៉េទាំង២សុទ្ធតែកំពុងរៀបចំជើងព្រួល ដើម្បីបង្ការជាមុនខ្លាចក្រែងសង្រ្គាមកូរ៉េលើកទី២ ផ្ទុះឡើងនៅថ្ងៃណាមួយ ។ កូរ៉េខាងជើង នៅតែមិនទុកចិត្តកូរ៉េខាងត្បូង ដែលឱ្យកងទ័ពអាមេរិក ឈរជើងនៅលើទឹកដីរបស់ខ្លួន រីឯទីក្រុងសេអ៊ូលវិញក៏មិនទុកចិត្តទីក្រុងព្យុងយ៉ាងដែរដោយសារតែ អាវុធនុយក្លេអ៊ែរ ។
*តើកូរ៉េទាំង២ កំពុងរត់ប្រណាំងសព្វាវុធឬ?
ការធ្វើតេស្ដអាវុធនាពេលថ្មីៗនេះ បានបង្ហាញយ៉ាងច្បាស់ពីការអភិវឌ្ឍមីស៊ីលរយៈចំងាយខ្លី និងប្រព័ន្ធ បាញ់គ្រាប់រ៉ុក្កែតជំនាន់ថ្មីរបស់កូរ៉េខាងជើង ហើយតាមរយៈការតេស្ដនេះទៀតសោតពួកគេក៏ចង់បង្ហាញ ផងដែរពីការព្រមានពីលោក គីម ជុងអ៊ុន ថាលោកចង់ឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច នៅត្រឹមចុងឆ្នាំ២០១៩នេះ ។ តែតាមពិតការធ្វើតេស្ដនេះ គឺបង្កប់ពីចេតនារត់ប្រណាំងសព្វាវុធរវាង កូរ៉េទាំង២ប៉ុណ្ណោះ ។
យោងតាមក្រុមអ្នកជំនាញយោធា ដ្បិតមីស៊ីលដែលកូរ៉េខាងជើង បានបាញ់សាកល្បងជាប្រភេទមីស៊ីល រយៈចំងាយខ្លីក៏ពិតមែន តែវាមានសមត្ថភាពវាយប្រហារលើគ្រប់ទីតាំងនៅលើទឹកដីកូរ៉េខាងត្បូង ។ ម្យ៉ាងវិញទៀត ក្រៅតែពីការអភិវឌ្ឍមីស៊ីល និងនាវាមុជទឹកបំពាក់មីស៊ីលស៊េរីថ្មី របបដឹកនាំលោក គីម ជុងអ៊ុន បានធ្វើតេស្ដ និងចាប់ផ្ដើមដាក់ពង្រាយប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ៣០០មីលីម៉ែត្រ (MRL) ភ្ជាប់ជាមួយផ្កាយរណបទៀតផង ។ ប្រព័ន្ធគ្រាប់រ៉ុក្កែតនេះអាចបាញ់ដល់មូលដ្ឋានយោធាអាមេរិកថ្មី Camp Humphreys នៅលើទឹកដីកូរ៉េខាងត្បូង ។
ដោយឡែក និយាយពីកូរ៉េខាងត្បូងវិញ ធ្លាប់ត្រូវបានកូរ៉េខាងជើងចោទប្រកាន់ថាមានស្ដង់ដារពីរក្នុង កិច្ចចរចាស្វែងរកសនិ្តភាព ដោយសារតែទីក្រុងសេអ៊ូល នៅតែបន្តទិញអាវុធ ជាពិសេសយន្ដហោះ ចម្បាំង F-35 និងការបន្តធ្វើសមយុទ្ធរួមគ្នាជាមួយសហរដ្ឋអាមេរិក ជាដើម ។ កូរ៉េខាងត្បូង បានបញ្ជា ទិញ F-35 ៤០គ្រឿងពីអាមេរិក ហើយក្នុងនោះប៉ុន្មានគ្រឿងដំបូង ក៏បានបញ្ជូនមកដល់ដៃយោធា កូរ៉េខាងត្បូងរួចហើយដែរ កាលពីប៉ុន្តែមានខែមុននេះ ដើម្បីពង្រឹងសមត្ថភាពទម្លុះចូលដែនអាកាស កូរ៉េខាងជើងក្នុងករណីសង្រ្គាមផ្ទុះឡើង ។
លើសពីនេះទៅទៀត កូរ៉េខាងត្បូងកាលពីឆ្នាំ២០១៨ ថែមទាំងបានទិញគ្រាប់មីស៊ីលអាល្លឺម៉ង់ Taurus ៩០គ្រាប់បន្ថែម សម្រាប់បំពាក់លើយន្ដហោះចម្បាំង F-15 ទៀតផង ដែលនេះធ្វើឱ្យចំនួនគ្រាប់មីស៊ីល នេះកើនដល់២៦០គ្រាប់ ខណៈប្រធានាធិបតីកូរ៉េខាងត្បួង លោក មូន ជែអ៊ីន បង្កើនកញ្ចប់ថវិកាយោធា និងសន្យាទិញអាវុធបន្ថែមពីសហរដ្ឋអាមេរិក ។
គួរបញ្ជាក់ថា កូរ៉េខាងត្បូងទិញអាវុធទំនើបៗ ពីសហរដ្ឋអាមេរិក មិនមែនទុកសម្រាប់ទប់ទល់តែជាមួយ កូរ៉េខាងជើងនោះទេ ប៉ុន្តែ ក៏សម្រាប់បង្ការការគំរាមកំហែង ឬការវាយប្រហារណាមួយពីចិន និងជប៉ុន ផងដែរ ។ កាន់តែសំខាន់ទៅទៀតនោះ ទីក្រុងសេអ៊ូល ទិញអាវុធពីអាមេរិកគឺដើម្បីចង់បន្ទន់ចិត្ត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យបន្ធូរដៃពាក់ព័ន្ធនឹងការជួយចេញថ្លៃចាយវាយរបស់ កងទ័ពអាមេរិក ដែលកំពុងឈរជើងនៅលើទឹកដីកូរ៉េខាងត្បូងជាង២៨,៥០០នាក់ ចាប់តាំងពីសង្រ្គាម កូរ៉េ (១៩៥០-១៩៥៣) មក៕