ខេត្តសៀមរាប៖ ស្ត្រីម្នាក់ស្រវឹងស្រាខឹងប្ដីស្ដីបន្ទោសបានរត់ទៅចងកសម្លាប់ខ្លួន ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចលើផ្ទះ(ឆ្វាលើ) កម្ពស់១,៨០ម៉ែត្រ ស្ថិតនៅភូមិអំពៅដៀប ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាលីន អាយុ៣៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។
លោកវរសេនីយ៍ឯក អ៊ុន ស្រស់ អធិការនគរបាលស្រុកស្រីស្នំបានឲ្យដឹងថា រឿងនេះមិនបានដឹងពីមូលហេតុច្បាស់លាស់ទេ ព្រោះស្រ្ដីខាងលើស្រវឹងខួប ។
បើតាមការរៀបរាប់ពីអ្នកជិតខាងបានឲ្យដឹងថា កាលពីយប់ ជនរងគ្រោះបានឈ្លោះប្រកែកគ្នាតាមទូរស័ព្ទជាមួយប្ដី លុះព្រឹកឡើងរហូតដល់វេលាម៉ោង ១០និង១៥នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ កូនប្រុស អាយុ១២ឆ្នាំ រវល់តែចុះពីផ្ទះទៅកាត់ស្លឹកគ្រៃ ស្រាប់តែក្រឡេកមើលតាមប្រហោងជញ្ចាំងផ្ទះស្លឹក ឃើញម៉ែ ចងកសម្លាប់ខ្លួន ក៏រត់ឡើងមកវិញ ហើយកាត់ខ្សែទំលាក់ ។
ក្រោយពីទទួលព័ត៌មាន លោកអធិការនគរបាលស្រុក និងក្រុមមន្រ្ដីជំនាញបានចុះទៅពិនិត្យសាកសពរួចសន្និដ្ឋានថា ពិតជាស្លាប់ដោយសារចងកពិតមែន ក្រោយធ្វើកំណត់ហេតុរួច បានប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី