ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្ដល្បឿនលឿន ជ្រុលរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈបុរសរងគ្រោះខាងលើ បានបើករថយន្ដដោយល្បឿនលឿន បានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញមួយទំហឹង កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខផ្ទះឈ្មោះ គង់ ចន្នា លក់ភេសជ្ជៈគ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ ហេង សេងឡុង ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល បើកបររថយន្ដម៉ាកLEXUS RX300 ពណ៌ប្រផេះ ពាក់ស្លាកលេខកណ្ដាល 2C-9757 ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកបើកបររថយន្ដខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុ រថយន្ដខាងលើ ក៏បានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបររថយន្ដស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងតាខ្មៅ បានចុះមកធ្វើការពិនិត្យកន្លែងកើតហេតុ និងធ្វើការវាស់វែងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្ដាលមកជនរងគ្រោះជាអ្នកបើកបររថយន្ដ បើកក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន ៕ ស្អាងជ័យ


ចែករំលែក៖