ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាយកស្នរបម្រុងចាក់គេ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ផឹកស្រាស្រវឹង បែកគំនិតរករឿង ជេរប្រមាថគេ ថែមទាំងយកស្នរ បម្រុងចាក់សម្លាប់គេថែមទៀត ធ្វើឲ្យគេភ័យ ក៏ប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ។ ករណីនេះ កើតឡើងនៅវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិដងគោម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យឈ្មោះ កែវ ស ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកសំណង់ ។ ចំណែកជនរងគ្រោះមានគ្នា២នាក់ ទី១-ឈ្មោះ សំ សុគន្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ។ ជនរងគ្រោះនិងជនសង្ស័យ មានទីលំនៅភូមិដងគោម ឃុំកំពង់អុស ស្រុកពញាឮខេត្តកណ្តាល និងជនរងគ្រោះទី២-ឈ្មោះ ឈួយ សើយ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខែ្មរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិស្ដៅ ឃុំស្ដៅ ស្រុកព្រៃកណ្ដៀង ខេត្ដព្រៃវែង ។ ដោយឡែកវត្ថុតាងដកហូតបានមានស្នរចំនួន១ ប្រវែង៤,៥0ម៉ែត្រ ដងធ្វើអំពីដើមឫស្សី ផ្លែដែកមូលចុងស្រួច ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ បន្ទាប់ពីសម្រាកការងារសំណង់វិញ បានបបួលគ្នាហូបបាយនៅលើផ្ទះមេជាងរបស់ខ្លួន ឈ្មោះ សុខ ប៊ុនសឿន មានប្រពន្ធឈ្មោះ កែវ ឡង់ឌី ខណៈដែលជនរងគ្រោះកំពុងតែអង្គុយហូបបាយ ស្រាប់តែជនសង្ស័យឈ្មោះ កែវ ស ភេទប្រុស អាយុ២៩ឆ្នាំ ដែលជាប្អូនបង្កើតរបស់ឈ្មោះ កែវ ឡង់ឌី បានដើរត្រឡប់មកពីស៊ីផឹកវិញ ដោយមានសភាពស្រវឹងស្រា ឃើញជនរងគ្រោះកំពុងហូបបាយ ក៏កាន់ស្នរផ្លែរដែកចុងស្រួចមួយដើម រួចជេរប្រមាថ ទៅលើជនរងគ្រោះទាំង២នាក់ ព្រមទាំងគំរាមថា៖ បើខ្លាំងពួកឯងចុះដីមក អញចាក់ឲ្យងាប់ បើមិនចុះមកទេគង់ថ្ងៃណាមួយអញសម្លាប់ពួកឯងចោលទាល់តែបាន បន្ទាប់ពីនិយាយរួច ជនសង្ស័យបានលើកដងស្នរបម្រុងចាក់ឈ្មោះ ឈួយ សើយ ភ្លាមនោះប្រជាពលរដ្ឋជិតខាង ក៏បានចាប់ឃាត់ និងដកស្នរទុក ។ ភ្លាមៗនោះ ស្រ្ដីឈ្មោះ កែវ ឡង់ឌី ដែលត្រូវជាបងជនសង្ស័យ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់អុស ដើម្បីឃាត់ខ្លួនចាត់ការតាមនីតិវិធីច្បាប់ ។

បន្ទាប់ពីមសត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាល ទទួលបានពាក្យបណ្ដឹងពីស្រ្ដីដែលជាបងជនសង្ស័យរួច ភ្លាមនោះ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖