ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីរូបស្អាតម្នាក់ សង្ស័យត្រូវថ្នាំសណ្ដំធ្វើឲ្យវង្វេងស្មារតីនិយាយស្តីលែងចេញ ត្រូវសមត្ថកិច្ចប្រកាសរកសាច់ញាតិ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីសមត្ថកិច្ចខណ្ឌសែនសុខ បានប្រទះឃើញក្មេងស្រីសាច់សខ្ចីរូបស្រស់ម្នាក់ មានអាយុប្រហែល១៨ឆ្នាំ ក្នុងសភាពមិនប្រក្រតី ដោយមិននិយាយស្តីអ្វីទាំងអស់ ដៃជើងដងខ្លួនញ័រញ៉ាកទទ្រើក មិនដឹងថាត្រូវថ្នាំសណ្ដំអ្វី ឬក៏ប្រើប្រាស់ថ្នាំញៀនហួសកម្រិត ។

ករណីខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុង១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌសែនសុខ បានឲ្យដឹងថា មុនពេលកើតហេតុ គឺប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានរាយការណ៍ប្រាប់ថា មានក្មេងស្រីស្រស់ស្អាតម្នាក់ ស្លៀកខោយឺតជើងវែង ពណ៌ខៀវ អាវយឺត ដៃខ្លី ពណ៌ប្រផេះ មានស្ពាយកាបូបតូចមួយ កំពុងតែឈរនៅតាមបណ្ដោយផ្លូវបេតុង១៩៧០ មិនដឹងថា មានបញ្ហាអ្វីនោះទេ ដោយក្នុងសភាពមិនប្រក្រតី ដោយមិននិយាយស្តីអ្វីទាំងអស់ ដៃជើងដងខ្លួនញ័រញ៉ាកទទ្រើក មិនដឹងថាត្រូវថ្នាំសណ្ដំអ្វី ឬក៏ប្រើប្រាស់ថ្នាំញៀនហួសកម្រិត ។ ភ្លាមនោះ កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ រួចនាំនាងយកមកសាលាសង្កាត់ភ្នំពេញថ្មី ដើម្បីសាកសួររកសាច់ញាតិ ប៉ុន្តែពេលនាំរូបនាងមកសួរនាំអស់ជាច្រើនម៉ោងក៏មិនព្រមនិយាយ ទើបសមត្ថកិច្ចសម្រេចចិត្តហៅម៉ូតូរ៊ឺម៉កដឹកបញ្ជូនបន្តទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីអប់រំបន្តព្រោះមិនដឹងថាផ្ទះរបស់នាងនៅទីណានោះទេ ។

ចំពោះករណីនេះដែរ ខណៈដែលសមត្ថកិច្ចបញ្ជូនរូបនាងទៅដល់មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ហើយរវល់តែចូលទៅធ្វើបែបបទប្រគល់នាងឲ្យទៅខាងមន្ទីរ ស្រាប់តែនាងឲ្យអ្នកបើករ៊ឺម៉កជិះចេញទៅបាត់ ដោយមិនដឹងថាទៅណានោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចខណ្ឌសែនសុខ ក៏បានត្រលប់មកមូលដ្ឋាន ដើម្បីបន្តការងាររបស់ខ្លួនវិញ ៕ ចន្ទ លីហ្សា


ចែករំលែក៖