ភ្នំពេញ៖ នៅវិមានសន្តិភាព នាថ្ងៃពុធ៦រោច ខែស្រាព ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម អូ ណាក់យ៉ុង (Oh Nak-young) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជាដែលចប់អណត្តិ។
នៅក្នុងជំនួបព្រឹកមិញនេះ ឯកឧត្តមអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េ បានអរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលអនុញ្ញាតឲ្យចូលជួបសំដែងការគួរសមពិភាក្សាការងារ និងជម្រាបលា។ ឯកឧត្តមអគ្គរដ្ឋទូតបានបានលើកឡើងនូវចំណុចមួយចំនួនដែលពាក់ព័ន្ធជាមួយនឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តម អូ ណាក់យ៉ុង បានលើកឡើងនូវចំណុចពីរសំខាន់ ទីមួយគឺទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ និងទីពីរ គឺការងារក្នុងក្របខ័ណ្ឌអនុតំបន់ និងការងារតំបន់ ។
ឯកឧត្តម ឯកអគ្គរដ្ឋទូតកូរ៉េ បានបញ្ជាក់ថា ក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងខ្លាំង និងមានការធ្វើទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តមប្រធានាធិបតីសាធារណរដ្ឋកូរ៉េមកកម្ពុជានៅក្នុងពេល ឯកឧត្តមធ្វើជាអគ្គរដ្ឋទូតនៅកម្ពុជា គឺបានជំរុញការងារទ្វេភាគីពិសេសលើពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ជាដើម។ ឯកឧត្តម បានបញ្ជាក់ផងដែរថា នៅខែវិច្ឆិកានាពេលខាងមុខ អាស៊ាន និងកូរ៉េនឹងប្រារព្ធខួបនៃទំនាក់ទំនងនឹងគ្នានៅសាធារណរដ្ឋកូរ៉េ គ្រាដែលបច្ចុប្បន្ននេះកម្ពុជាជាប្រទេសសម្របសម្រួលកិច្ចសន្ទនាអាស៊ាន-កូរ៉េ។ ដូច្នេះហើយកម្ពុជាមានតួនាទីសំខាន់នៅក្នុងកិច្ចការងាររវាងអាស៊ាន និងកូរ៉េផងដែរ។ ពាក់ព័ន្ធជាមួយនឹងក្របខ័ណ្ឌអនុតំបន់ គឺមេគង្គ-កូរ៉េ កន្លងមកនេះគឺយើងមានយន្តការថ្នាក់រដ្ឋមន្ត្រីការបរទេសមេគង្គកូរ៉េ ដែលជាការផ្ដួចផ្ដើមរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានស្នើឲ្យយន្តការនេះកើនឡើងមួយកំរិតទៀតអោយយដល់ថ្នាក់កំពូល ហើយសាធារណរដ្ឋកូរ៉េ ទទួលយកនូវសំណើរបស់សម្ដេចតេជោផងដែរ។ ហើយឯកឧត្តម បានបញ្ជាក់ដែរថា ទោះបីជាឯកឧត្តមចប់អាណត្តិក៏ដោយ ប៉ុន្តែការងារគឺនៅតែបន្តទៅមុខទៀត ឯកឧត្តមក៏បានលើកឡើងពីការងារអាទិភាពមួយចំនួន ជាពិសេសក្នុងការងារក្របខ័ណ្ឌទន្លេមេគង្គនេះតែម្ដង។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដែរថាការវិនិយោគ ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរក្នុងក្របខ័ណ្ឌទ្វេភាគីមានការរីកចម្រើនមែនក៏ប៉ុន្តែសម្រាប់ជួយរដ្ឋមន្ត្រីចង់ឃើញនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងថែមទៀត។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានជំរុញឲ្យភាគីទាំងពីរធ្វើយ៉ាងណាពង្រីក នឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានកាន់តែកើនឡើងថែមទៀត ហើយសម្ដេចនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យភាគីកូរ៉េបន្តការនាំចូលនូវផលិតផលកសិផលរបស់កម្ពុជា ចូលទៅកាន់ទីផ្សារកូរ៉េ គ្រាដែលកម្ពុជាមានសក្តានុពលជាច្រើនទៅលើផលិតផលកសិកម្មដូចជាស្វាយជាដើម។ ក្នុងនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏ចង់ឃើញសាធារណរដ្ឋកូរ៉េ បង្កើនការវិនិយោគមកកាន់ព្រះរាជាណាចក្រកម្ពុជាថែមទៀត។
នៅក្នុងកិច្ចពិភាក្សានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកនូវចំនុចមួយចំនួនដែលភាគីកម្ពុជានិងកូរ៉េត្រូវតែខិតខំពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការថែមទៀត ដូចជាកម្រិតទ្វេភាគីនៃប្រទេសទាំងពីរ ដោយធ្វើយ៉ាងណាឱ្យមានការបន្តពង្រីកនិងពង្រឹងទ្វេភាគីឱ្យកាន់តែខ្លាំងក្លារឹងមាំថែមទៀត។ បច្ចុប្បន្ននេះមានប្រជាពលរដ្ឋខ្មែរជាង ៨ពាន់នាក់ដែលបានរៀបការជាមួយជនជាតិកូរ៉េ ហើយមានប្រមាណ ៤០០នាក់មានភរិយាជាជនជាតិកូរ៉េ ដូច្នេះមានន័យថាទំនាក់ទំនងរវាងប្រជាជន និងប្រជាជនមានការកើនឡើង។ សម្ដេចចង់ឃើញទំនាក់ទំនងទ្វេភាគីនេះមិនមែនត្រឹមតែការវិនិយោគសេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែចង់ឃើញទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជនមានការកើនឡើងថែមទៀត។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកអំពី កិច្ចសហប្រតិបត្តិការផ្នែកអនុតំបន់មេគង្គកូរ៉េ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីបានរីករាយដែលកូរ៉េសម្រេចទទួលយកអនុសាសន៍របស់សម្ដេចតេជោ ក្នុងការដំឡើងកម្រិតនៃកិច្ចសហប្រតិបត្តិការនិងយន្តការនេះ។
សម្តេចតេជោបានកត់សម្គាល់ថា កម្ពុជាបានទាញផលប្រយោជន៍ជាច្រើនទាំងកម្រិតទ្វេភាគីផង និងកម្រិតអនុតំបន់ផងដែរ ដោយសារតែកម្រិតអនុតំបន់មានគម្រោងជាច្រើនក្នុងកិច្ចដំណើរការជំរុញការអភិវឌ្ឍនៅក្នុងចំណោមប្រទេសមេគង្គរួមទាំងកម្ពុជាផងដែរ។ អំពីកិច្ចសហប្រតិបត្តិការក្នុងកម្រិតតំបន់រវាងអាស៊ានកូរ៉េវិញ ជាយន្តការដ៏សំខាន់គ្រាដែលកម្ពុជាជាប្រទេសសម្របសម្រួល ដោយសម្ដេចតេជោចង់ឃើញការរឹតចំណងមិត្តភាពបន្ថែមទៀតនៃការវិនិយោគពាណិជ្ជកម្មដើម្បីឲ្យឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច និងសង្គមសេដ្ឋកិច្ចអាស៊ានកូរ៉េថែមទៀត។
គួរកត់សម្គាល់ដែរថា បច្ចុប្បន្ននេះ នៅក្នុងកម្រិតទ្វេភាគីយើងឃើញថាពលកររបស់កម្ពុជាយើងដែលទៅធ្វើការនៅប្រទេសកូរ៉េមានការកើនឡើង ដែលបានជួយដល់ប្រជាពលរដ្ឋមិនត្រឹមតែពលករនៅកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែបាននាំចំណូលជាច្រើនគ្រួសាររបស់គាត់នៅកម្ពុជានិងជួយដល់សេដ្ឋកិច្ចរបស់កម្ពុជា។ ពិសេសថែមទៀតនោះពលកររបស់កម្ពុជាបានរៀនសូត្រនិងទទួលបទពិសោធន៍ពីប្រទេសកូរ៉េដែលបានបង្កើនសមត្ថភាពពលករខ្មែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីចង់ឃើញនៅពេលខាងមុខ នេះគឺការពង្រីកទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើង កំណើននៃការវិនិយោគរបស់កូរ៉េ និងទេសចរណ៍កូរ៉េផងដែរ។ សម្ដេចក៏បានមានប្រសាសន៍បញ្ជាក់ថា សម្ដេចគ្រោងនឹងអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េនៅពេលខាងមុខ ប៉ុន្តែមិនទាន់បានកំណត់ពេលវេលាជាក់លាក់នៅឡើយទេ៕