ខេត្តស្វាយរៀង ៖យោងតាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នគរបាលនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង បានចុះត្រួតពិនិត្យជនបរទេសនៅទីតាំងអគារគ្មានលេខ មានកម្ពស់៨ជាន់មួយកន្លែង ហើយបានឃាត់ខ្លួនជនបរទេសសរុបចំនួន៣៦៦នាក់ ក្នុងនោះមានស្ត្រី៨២នាក់ និងវៀតណាម១នាក់ ។
ប្រភពបន្តថា ជាមួយគ្នានេះ សមត្ថកិច្ចកម្ពុជា ក៏បានរកឃើញមានបុរស ស្ត្រីជនជាតិចិនចំនួន២៧នាក់ ដែលចូលមកស្នាក់នៅ និងធ្វើការ ដោយពុំមានឯកសារផ្លូវច្បាប់ និងមានឈ្មោះក្នុងបញ្ជីមុខសញ្ញាស្វែងរកចាប់ខ្លួនរបស់សមត្ថកិច្ចនគរបាលប្រទេសចិនផងដែរ ។
ប្រភពបន្តថា ភ្លាមៗនោះ ជនជាតិចិនដែលមានឈ្មោះក្នុងបញ្ជីស្វែងរកចាប់ខ្លួន ត្រូវបានឃាត់ខ្លួនបញ្ជូនមកនាយកដ្ឋាន ដើម្បីសាកសួរ និងអនុវត្តតាមនីតិវិធីបន្តទៀត ។
ចំណែកជនបរទេស(ចិន) ចំនួន៣៣៩នាក់ ដែលមិនមានឈ្មោះជាប់ពាក់ព័ន្ធក្នុងបញ្ជីរបស់សមត្ថកិច្ចចិន ក្រុមប្រតិបត្តិការចម្រុះ បានសម្រេចទុករយៈពេលមួយសប្តាហ៍ ឲ្យអ្នកទទួលខុសត្រូវក្រុមហ៊ុនយកឯកសារមកបង្ហាញសមត្ថកិច្ចកម្ពុជាឲ្យទាន់ពេលកំណត់ ។
ក្រោយមក សមត្ថកិច្ចក៏បានបញ្ជូនជនសង្ស័យជនជាតិចិន ដែលសមត្ថកិច្ចចិនតាមរកនោះ មកកាន់អគ្គនាយកនាយកដ្ឋានអន្តោរប្រវេស៍រាជធានីភ្នំពេញ ៕ យឹម សុថាន