ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំ នឹងម៉ូតូនៅជិតវេទិកា វិមានឯករាជ្យ ដែលបណ្តាលឲ្យមនុស្ស២នាក់ស្លាប់នៅនឹងកន្លែង និង៣នាក់ទៀត រងរបួសធ្ងន់ ។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១១ថ្ងៃព្រឹក ។
នគរបាលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍មួយនេះ បង្កឡើងដោយរថយន្តធុនធំ ០១គ្រឿងម៉ាក HYUNDAI ពាក់ស្លាកលេខ ព្រះសីហនុ3A-2331 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ( រត់គេចបាត់ពីកន្លែងកើតហេតុ )ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន រាជសីហ៍ ឡូជីស្ទីក មានទិសដៅពីកើតឆ្ពោះទៅលិច លុះមកដល់ចំណុចខាងលើ រថយន្តបានផ្លាស់ប្ដូរទិសបត់ឆ្វេង ក៏បុកប៉ះនឹងម៉ូតូ ០១គ្រឿងម៉ាក HONDA WAVE គ្មានស្លាកលេខ ជិះគ្នាចំនួន ០៥នាក់សុទ្ធតែក្មេងៗ ក្នុងនោះមានស្ត្រីជំទង់ម្នាក់ជាអ្នកបើកបរ ដែលត្រូវជាបងស្រីក្មេងៗទាំងអស់នោះ ។
ប្រភបន្តថា គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់ក្មេងប្រុស ០២នាក់ នៅនឹងកន្លែងកើតហេតុ និងរងរបួសធ្ងន់០៣នាក់ បានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ ជនរងគ្រោះជាអ្នករស់នៅម្តុំឧតុនិយម ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
វត្ថុតាងរថយន្ត ០១គ្រឿង និង ម៉ូតូ ០១គ្រឿង សមត្ថកិច្ចជំនាញយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីដោះស្រាយបន្ត ៕ ឆ្លាម សមុទ្រ