កន្លងមកចិនបានថ្កោលទោសកាណាដា ថា ដោយសារតែជឿតាមអាមេរិកទើបធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរប្រឈមមុខតានតឹង ដាក់គ្នា ។ ជាមួយគ្នានេះចិនបានស្នើដល់កាណាដាឲ្យដោះលែងអគ្គនាយកហិរញ្ញវត្ថុ របស់ក្រុមហ៊ុនហួវាយជាបន្ទាន់។
សារព័ត៌មានស៊ីនហួបានផ្សាយថា ស្ថានទូតចិនប្រចាំទីក្រុងអូតតាវ៉ាបានជំរុញឱ្យកាណាដា និងសហរដ្ឋអាមេរិក ដោះលែងនាយកប្រតិបត្តិហិរញ្ញវត្ថុក្រុមហ៊ុនបច្ចេកវិទ្យាចិន លោកស្រី ម៉េង វ៉ានចូវ (Meng Wanzhou) ជាបន្ទាន់ និងធានាការវិលត្រឡប់មកប្រទេសចិនវិញរបស់លោកស្រី ប្រកបដោយសវត្ថិភាព។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ អ្នកនាំពាក្យស្ថានទូតចិនម្នាក់ក៏បានបញ្ជាក់ដែរថា ការចាប់ខ្លួនលោកស្រី Meng Wanzhou មិនមែនពាក់ព័ន្ធនឹងផ្លូវច្បាប់នោះទេ ប៉ុន្តែសហរដ្ឋអាមេរិកបានប្រើប្រាស់អំណាចរបស់ខ្លួន ដោយធ្វើការជាមួយសម្ព័ន្ធមិត្តមួយចំនួន ដើម្បីដាក់សម្ពាធលើ ក្រុមហ៊ុនបច្ចេកវិទ្យាឯកជនចិនតែប៉ុណ្ណោះ។
ដោយឡែកពាក់ព័ន្ធនឹងការចាប់ខ្លួនជនជាតិកាណាដា គឺលោក ម៉ៃឃើល កូវរីក (Michael Kovrig) និងលោក ម៉ៃឃើល ស្ប៉ាវ័រ (Michael Spavor) អ្នកនាំពាក្យរូបនេះដដែលបានអះអាងថា វាមានភាពខុសគ្នាស្រឡះពីករណីលោកស្រី Meng ដ្បិតអ្នកទាំងពីរនាក់នេះបានប្រព្រឹត្តខុសច្បាប់ និងធ្វើសកម្មភាពបង្កការគំរាមកំហែង ដល់សន្តិសុខជាតិចិន។
គួរជម្រាបថា លោកស្រី Meng Wanzhou ត្រូវបានឃាត់ខ្លួននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុង វែនខូវើ (Vancouver) តាមសំណើរបស់សហរដ្ឋអាមេរិក ដែលចោទលោកស្រីថា មានជាប់ទាក់ទិននឹងបទល្មើសក្លែងបន្លំជាច្រើន។ ប៉ុន្តែទាំងក្រុមហ៊ុន Huawei និងលោកស្រី បានទាត់ចោលរាល់ការចោទប្រកាន់ពីទីក្រុងវ៉ាស៊ីនតោន៕