កិច្ចប្រជុំ ប្រទេសឧស្សាហកម្មរីកចម្រើន G7 ចាប់ផ្តើមនាថ្ងៃសៅរ៍ ទី២៤ ខែសីហា នៅក្នុង“Biarritz” ដែលជាក្រុងទេសចរណ៍សមុទ្រដ៏ល្បីមួយ ស្ថិតនៅភាគនិរតីនៃប្រទេសបារាំង។
ដើម្បីរក្សាសន្តិសុខសុវត្ថិភាពឲ្យបាន១០០ភាគរយ រដ្ឋាភិបាលបារាំង បានសម្រេច ដាក់ពង្រាយកម្លាំង ជាង ១ម៉ឺន៣ពាន់នាក់ការពារ។
ការបង្កើនកម្លាំងការពារសន្តិសុខជាអតិបរមានេះ ធ្វើឡើងដើម្បីទប់ទល់ និងបញ្ចៀស កុំឲ្យសកម្មភាពមិនប្រក្រតីផ្សេងៗអាចកើតឡើង សូម្បីតែរឿងតូចតាចក្តី។ យើងនឹងមិនបណ្តោយឲ្យភាពចលាចលណាមួយ កើតមានឡើងជាដាច់ខាត។ ប៉ុន្តែប្រសិនបើមានរឿងអ្វីមិនស្រួលកើតឡើង អាជ្ញាធរយើងនឹងឆ្លើយតបភ្លាមៗ។ នេះ គឺជាការបញ្ជាក់អះអាងរបស់លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំង Christophe Castaner។
គេដឹងដែរថា ការពង្រឹងផ្នែកសន្តិសុខ ត្រូវបានធ្វើ ម្យ៉ាង ដោយសារ កាលពីដើមសប្តាហ៍នេះ អាជ្ញាធរបារាំង ចាប់ខ្លួនមនុស្សចំនួន ៥ នាក់ ដែលក្នុងនោះមានទាំងសមាជិកក្រុមជ្រុលនិយម “black bloc”ផង។ ពួកគេទាំងនោះ បានបង្ហោះសារតាមអ៊ីនធឺណែត ជំរុញឲ្យមានការវាយប្រហារទៅលើសណ្ឋាគារ ដែលប៉ូលិសបារាំងស្នាក់នៅ ជិតទីតាំងប្រជុំ។
នៅថ្ងៃសុក្រនេះ មុនពេលកិច្ចប្រជុំ G7 ចាប់ផ្តើមជាផ្លូវការ ក្រៅតែដាក់ពង្រាយកងកម្លាំងសន្តិសុខជាច្រើនពាន់នាក់ អាជ្ញាធរបារាំងក៏បានចេញបញ្ជាផងដែរ មិនឲ្យមានការធ្វើបាតុកម្ម បញ្ជាឲ្យផ្អាកសកម្មភាពទេសចរណ៍នានា នៅក្នុងទីតាំងសំខាន់ៗក្បែរកន្លែងប្រជុំ។ ក្រៅពីនេះ ស្ថានីយរថភ្លើង និងអាកាសយានដ្ឋានក៏តម្រូវឲ្យបិទនៅថ្ងៃសុក្រនេះដែរ ដើម្បីធានាសន្តិសុខឲ្យបានល្អ។
តែទោះបីជាអាជ្ញាធរបារាំង ដាក់ចេញនូវការហាមឃាត់យ៉ាងណាក្តី ក៏គេនៅតែភ័យខ្លាចថា ពួកអាវកាក់លឿង បូករួមទាំងក្រុមជ្រុលនិយម “black bloc” នៅតែមិនស្តាប់ និងនៅតែបន្តធ្វើបាតុកម្ម នៅឯទីក្រុងប៊ីយ៉ារីត ក្នុងអំឡុងកិច្ចប្រជុំកំពូល G7 ដដែល។
គួរគូសបញ្ជាក់ជូនថា កិច្ចប្រជុំក្រុមប្រទេសឧស្សាហកម្មឈានមុខ G7 ប្រព្រឹត្តទៅរយៈពេល៣ ថ្ងៃ រាប់ចាប់តាំងពីថ្ងៃសៅរ៍ទី ២៤ សីហា តទៅ។ ប្រធានបទសំខាន់ៗ ដែលក្រុមប្រទេសរីកចម្រើនទាំង៧ ដែលក្នុងនោះរួមមាន អាមេរិក កាណាដា បារាំង អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន គ្រោងយកទៅពិភាក្សារួមជាអាទិ៍មាន បញ្ហាសេដ្ឋកិច្ច សន្តិភាព បរិស្ថាន និងភេរវកម្ម៕