ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់ម្នាក់ បើកម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តបុកស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ គួរឲ្យរន្ធត់ រថយន្តហាយឡេនឌ័រមួយគ្រឿង បុកបុរសវ័យចំណាស់ម្នាក់ស្លាប់កាលពីវេលាម៉ោង៤ និង០៥នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកមាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះឲ្យដឹងថា៖ ជនរងគ្រោះដែលស្លាប់ឈ្មោះ មិន សាវី ភេទប្រុស អាយុ៨១ឆ្នាំ នៅភូមិជប់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (គ្មានពាក់មួកសុវត្ថិភាព) បើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីចាស់ ធុនសេ១០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1G.6751 ។ ចំណែករថយន្តដែលបុកម៉ាកហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W-0241 អ្នកបើកបរមិនត្រូវបានគេស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) ។

លោកអធិការបានបញ្ជាក់ទៀតថា៖ តាមការឲ្យដឹងពីសាក្សីនៅកន្លែងកើតហេតុ មុនពេលកើតហេតុ ជនរងគ្រោះ បានបើកបរម៉ូតូតាមផ្លូវលំក្នុងទិសខាងជើងទៅត្បូង ពេលមកដល់កន្លែងកើតហេតុបានឆ្លងផ្លូវ ជាតិលេខ៦ ស្របពេលនោះ មានរថយន្តម៉ាកហាយឡេនឌ័រ១គ្រឿង បានបើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនបុក បណ្តាលឲ្យជនរងគ្រោះដួលខ្ទាតបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗតែម្តង ។ ចំពោះរថយន្ត និងម៉ូតូខូចខាតស្រាល សពជនរងគ្រោះត្រូវបានកម្លាំងនគរបាលជំនាញចរាចរណ៍បានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ចាត់ចែងធ្វើបុណ្យក្រោយពីវាស់វែងរួច ចំណែកវត្ថុតាងរថយន្ត និងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុករងចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕ នីមវណ្ណា


ចែករំលែក៖