ភ្នំពេញ៖ ក្រោយផ្ទុះរឿងអាស្រូវ ពាក់ព័ន្ធការឈូសឆាយ និង ទន្ទ្រានយកដីព្រៃចំការស្រស់សាធារណៈរបស់រដ្ឋ ប្រមាណ១ពាន់ហិកតាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅចំណុចភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី , លោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវអស់តំណែងជាបន្តបន្ទាប់ ទាំងក្នុងជួរគណបក្សប្រជាជនកម្ពុជា និង តំណែងជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ។
ជាមួយគ្នានេះ មានធ្លាយឯកសារមួយចំនួន ដែលពាក់ព័ន្ធគ្នា អាចជាការឃុបឃិតប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ មានតាំងពីមេភូមិ មេឃុំ អភិបាលស្រុកកោះញែក និង លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ។
សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកលោក សេង សុវណ្ណារ៉ា ចេញពីសមាជិកក្រុមការងារថ្នាក់ជាតិចូលមូលដ្ឋានខេត្តមណ្ឌលគិរី ដាក់ជំនួសដោយលោក មាស ប្រុស ប្រធានរដ្ឋបាលសាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ ។
ដោយឡែក នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យមួយ បញ្ចប់មុខតំណែងលោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ យោងតាមសេចក្តីក្រាបបង្ខំទូលថ្វាយរបស់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
ប្រភពព័ត៌មានពីខេត្តមណ្ឌលគិរី បានឲ្យដឹងថា លោក សេង សុវណ្ណារ៉ា អាចមានការជាប់ពាក់ព័ន្ធករណីឈូសឆាយ និង ទន្ទ្រានយកដីព្រៃចំការស្រស់សាធារណៈរបស់រដ្ឋ ប្រមាណ១ពាន់ហិកតាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅចំណុចភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
នៅពេលនេះ មជ្ឈដ្ឋានជាច្រើន រង់ចាំមើលថា តើ លោក សេង សុវណ្ណារ៉ា និង អ្នកពាក់ព័ន្ធទាំងអស់នឹងមានវាសនាយ៉ាងដូចម្តេច អាចនឹងត្រូវអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតដែរឬទេ ? ក្នុងនោះសូម្បីតែមេភូមិឈ្មោះ ហុីង ច្រៈ ,មេឃុំឈ្មោះ ហាន សុខន, អភិបាលស្រុកឈ្មោះ សុិន វណ្ណវុឌ្ឍ និងអភិបាលខេត្តឈ្មោះ ស្វាយ សំអ៊ាង មានករណីចុះហត្ថលេខា និងបោះត្រាលើឯកសាររំលោភយកដីរដ្ឋនេះយ៉ាងច្បាស់ត្រឡែត ផ្សំគំនិតជាមួយជនពុករលួយ សេង សុវណ្ណារ៉ា ក៏អាចប្រឈមនិងអភិក្រមទី៥ របស់រដ្ឋាភិបាលផងដែរ៕ សុខ ខេមរា