ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រពន្ធប៉ោងភ្នែក ព្រោះភ្លើងប្រចណ្ឌ

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីម្នាក់រត់ទៅប្តឹងប៉ូលិសប៉ុស្តិ៍ចោមចៅ៣​ សុំអោយជួយអន្តរាគមន៍​ កាលពីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីប្តីវាយ ទាត់ធាក់ បែកក្បាលហូរឈាមកក្លាក់ ប៉ោងភ្នែក ដោយសារភ្លើងប្រចណ្ឌ កាលពីយប់ថ្ងៃទី២៥ ខែសីហា នៅផ្ទះជួល ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ស្ត្រីរងគ្រោះ ឈ្មោះ ហ៊ីម ណៃហេន អាយុ៣០ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើត ភូមិជ្រៃតាសូ ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

តាមការរៀបរាប់ពីស្ត្រីរងគ្រោះ បានឲ្យដឹងថា គាត់ធ្លាប់មានប្ដី២នាក់កន្លងមកហើយ មានកូនជាមួយប្តីទី១ ចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់ ប្តីទី២ មិនមានកូន លុះមានប្តីលើកទី៣ អស់រយ:ពេលជាង២០ឆ្នាំមកហើយ ទើបតែមានផ្ទៃពោះ ជាង៣ខែ តែប្តីចុងក្រោយនេះ តាំងពីស្គាល់គ្នាបានជាប្តី-ប្រពន្ធកាលណាមក យកភ្លើងប្រចណ្ឌដាក់ខ្លួន ឈ្លោះរករឿងសឹងរាល់ថ្ងៃ ដោយសារការប្រចណ្ឌរបស់ប្តី ទោះជាលើកហេតុផល យ៉ាងណាក្តី មិនស្តាប់ឲ្យតែ ផឹករកតែរឿង។

លុះមកដល់យប់ថ្ងៃទី២៥ ខែសីហា នេះ ទិញស្រាមួយដបមកផឹកម្នាក់ឯង ហើយបានប្រើអំពើហិង្សា វាយ ទាត់ធាក់គាត់ បណ្តាលឲ្យរងរបួស ហើយបានខ្ទាស់ទ្វារ ចាក់សោជាប់ មិនឲ្យចេញទៅណារួច រហូតដល់ព្រឹកថ្ងៃទី២៦ នេះប្តីបើកទ្វារ ទើបចេញរួច រត់ទៅប្តឹងប៉ូលិស ឲ្យជួយអន្តរាគមន៍ ។

តាមបណ្តឹងស្ត្រីខាងលើ ក្នុងបំណងលែងលះ ឈប់យកហើយប្តីហេងស៊យធុននេះ និងសុំឲ្យសមត្ថកិច្ច ជួយយកម៉ូតូផ្ទាល់ខ្លួនរបស់គាត់ពីប្តីមកវិញ ៕ សុខាសែនជ័យ


ចែករំលែក៖