ភ្នំពេញ៖តុលាការទំនងជាមានបំណងចាប់ខ្លួនឧកញ៉ា ស្រី សុធា និង ឧកញ៉ា ស្រី ចន្ធូ ដែលលក់ដីឡូតិ៍ តែពេលអតិថិជនបង់រំលស់បញ្ចប់ គ្មានដីប្រគល់ជូនអតិថិជន ទើបសម្រេចចោទប្រកាន់ផ្ទួនៗគ្នា ហើយគូស “ធិធ” ដាក់អោយស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្ន ក្នុងដីកាចោទប្រកាន់ ថែមទៀតផង ។
ប្រភពព័ត៌មានច្បាស់ការណ៍មួយ បង្ហើបថា ឧកញ៉ា ស្រី សុធា និង ឧកញ៉ា ស្រី ចន្ធូ បានគេចខ្លួនទៅប្រទេសថៃ ខណៈតំណាងក្រុមហ៊ុន 7NG បានបដិសេធ ដំណឹងនេះ ។
អតិថិតជន ជាច្រើននាក់ នៅតែមានមន្ទិលសង្ស័យ ថា តើដីដែលពួកគាត់ខំបង់រំលស់រហូតដល់១០ឆ្នាំ អាចក្លាយជាកម្មសិទ្ធិរបស់ពួកគាត់ដែរ ឬ ទេ ? ខណៈឧកញ៉ា ស្រី សុធា ធ្លាប់អះអាងថា “ក្នុងករណីដល់ថ្ងៃកំណត់ទី៣០ ខែធ្នូ ឆ្នាំ២០១៩ បេីសិនជាក្រុមហ៊ុនមិនមានដីជូនអតិថិជននោះទេ ក្រុមហ៊ុននឹងធ្វើការទូទាត់ប្រាក់ថ្លៃទិញលក់ដីទៅតាមទីផ្សារដែលកំណត់ដោយក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ”។
លោក គាំ បញ្ញារិត តំណាងក្រុមហ៊ុន 7NG ថ្លែងថា ក្រុមហ៊ុននៅតែបន្តចែកដីជូនអតិថិជនជារៀងរាល់ថ្ងៃ ហើយនឹងបញ្ចប់ទាំងអស់ ត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ តាមការសន្យា ។
អតិថិជនក្រុមហ៊ុន 7NG ជាច្រើននាក់ បញ្ជាក់ថា នឹងដាក់ពាក្យបណ្តឹងទៅតុលាការបន្ថែមទៀត ប្រសិនក្រុមហ៊ុន 7NG មិនព្រមប្រគល់ដីតាមការសន្យាទេ ។
បច្ចុប្បន្នសំណុំរឿងដ៏ក្តៅគគុកមួយនេះ កំពុងស្ថិតក្រោមចំណាត់ការរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្រោមរូបភាពជនត្រូវចោទ នៅក្រៅឃុំ ។ នីតិវិធីបន្ត ចៅក្រមស៊ើបសួរនឹងចេញដីកាកោះហៅជនត្រូវចោទទាំង២នាក់ ចូលបំភ្លឺ ដើម្បីអនុវត្តច្បាប់ ហើយបើមិនព្រមចូល គឺ អាចចេញដីកាបង្គាប់អោយនាំខ្លួន ឬ ដីកាបង្គាប់អោយចាប់ខ្លួនតែម្តង ។ នេះជានីតិវិធី ដែលអ្នកច្បាប់មួយរូប បានអះអាង ប្រាប់ ៕ ចេស្តា