ព័ត៌មានទាន់ហេតុការណ៍៖

វិវាទពាណិជ្ជកម្ម​អាមេរិកថា ចិន​ស្នើពិភាក្សា តែចិនវិញ និយាយថា មិនមានឡើយ

ចែករំលែក៖

វិវាទពាណិជ្ជកម្មរវាងចិន នឹងអាមេរិកឈានដល់ដំណាក់កាលអាក្រក់បំផុត មិនធ្លាប់មាន ​ក្រោយប្រទេសទាំងពីរបានដំឡើងពន្ធដាក់គ្នាទៅវិញទៅមក ជាការសងសឹក​។ នៅពេលនេះ ប្រទេសទាំងពីរ កំពុងតែ ទម្លាក់ ឥទ្ធិពលរបស់គ្នាទៅវិញទៅមក ដោយអាមេរិកថា​ ចិនស្នើពិភាក្សា តែចិនវិញ​ថា មិនមានរឿងពិភាក្សាពាណិជ្ជកម្មជាមួយអាមេរិកឡើយ។

កន្លងមកថ្មីៗ លោកប្រធានាធិបតីអាមេរិក​ ដូណាល់ ត្រាំ បានថ្លែងថា សហរដ្ឋអាមេរិក និងចិន នឹង​បន្តកិច្ចពិភាក្សាគ្នា ស្ដី​​​​​អំពីជម្លោះពាណិជ្ជកម្ម​ ក្នុងពេលដ៏ខ្លី​ខាងមុខនេះ។ ការថ្លែងរបស់ប្រធានាធិបតីអាមេរិកបែបនេះ បានកើតឡើង ក្រោយពេលអាមេរិក ប្រកាសដំឡើង​រាប់ពាន់លានដុល្លារ​ លើទំនិញ​នាំចូលមកពីប្រទេសចិន ។

លោកដូណាល់ ត្រាំ បានបញ្ជាក់ថា «ចិន ​បានចុច​ទូរស័ព្ទមកលោក ​កាលពីយប់ ថ្ងៃទី២៥ ខែសីហាកន្លងទៅថ្មីនេះ…ដោយនិយាយថា តោះយើងត្រឡប់​ទៅកាន់តុចរចាវិញ។ ដូច្នេះយើងនឹង​ត្រឡប់ទៅកាន់តុចរចាវិញ »។ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩​កន្លងទៅនេះ លោក ត្រាំ បានប្រកាសដំឡើង​ពន្ធគយ ​លើទំនិញ​​នាំចូល​ពីប្រទេសចិន មានតម្លៃ​រាប់​ពាន់លានដុល្លារ ។ រីឯការប្រកាសដំឡើងពន្ធរបស់អាមេរិក គឺជាការតបតចំពោះទីក្រុងប៉េកាំង​ ដែលបានប្រកាសដំឡើងពន្ធលើ​​ទំនិញរបស់អាមេរិក។

រហូតមកដល់ពេលនេះ ប្រទេសចិន​នៅមិនទាន់ ធ្វើអត្ថាធិប្បាយបែបណានៅឡើយ ហើយថា អាមេរិក-អាមេរិក នឹងវិលត្រឡប់ទៅកាន់តុចរចា ដូចការលើកឡើងរបស់លោក ដូណាល់ ត្រាំ ដែរយ៉ាងណានោះ។ ក្រោយ​កិច្ចប្រជុំ G-7 នៅទីក្រុង Biarritz ប្រទេសបារាំអ កាលពីថ្ងៃទី​២៦ ខែសីហា ម្សិលមិញនេះ លោក ដូណាល់ ត្រាំ បែរជានិយាយថា មន្ត្រីចិន​បានចុចទូរស័ព្ទ​​២ដង កាលពីយប់ថ្ងៃទី២៥ ខែសីហា ។ នេះចង់បង្ហាញថា ទីក្រុងប៉េកាំង មានបំណង​ ចង់​ឈានដល់​កិច្ចព្រមព្រៀងណាមួយជាមួយនឹងអាមេរិក។

ដោយគិតស្មានថា ការដំឡើងពន្ធបន្ថែមរបស់លោក បានគាបឲ្យ​ចិន ​ចូលមកតុកពិភាក្សានោះ លោក ត្រាំ បានបន្ថែមថា «ពួកគេទទួលរងការឈឺចាប់យ៉ាងខ្លាំង ប៉ុន្តែ​ពួកគេ​យល់ឃើញថា នេះគឺជាវិធីដ៏ល្អ​ដែលត្រូវតែធ្វើ។ យើង​នឹងចាប់ផ្តើម​ពិភាក្សាគ្នាជាមួយនឹងចិន ក្នុងពេល​ដ៏ខ្លី​ខាងមុខនេះ… ប៉ុន្តែខ្ញុំគិតថា យើងអាចបង្កើតនូវកិច្ចព្រមព្រៀងណាមួយបាន» ។

នៅពេលនេះដែរ ក្រសួងការបរទេសចិនប្រកាសថា៖ គ្មានការពិភាក្សាជាមួយអាមេរិក ក្នុងវិស័យពាណិជ្ជកម្មឡើយ។ ក្រសួងការបរទេសចិនបានបង្ហាញពីគោលនយោបាយ រឹងមាំនៅក្នុងសង្គ្រាម ពាណិជ្ជកម្មជាមួយអាមេរិក ដោយបានប្រកាសថា គ្មានរឿងរ៉ាវត្រូវពិភាក្សាជាមួយអាមេរិកនោះឡើយ ។ ការលើកឡើងខាងលើ របស់​ក្រសួងការបរទេសចិន ក្នុងពេលដែល ប្រធានាធិបតី​ ដូណាល់ ត្រាំ បានថ្លែងថា អាមេរិក និងចិន​បន្តពិភាក្សា​​​​​អំពីជម្លោះពាណិជ្ជកម្ម​ ដ៏ខ្លី​ខាងមុខនេះ ។

កាលពីរសៀលថ្ងៃទី​២៦ ខែសីហា ប្រធានាធិបតីដូណាល់ ត្រាំបាន ប្រកាសបន្ទាប់ពីកិច្ចប្រជុំ​ -7 ​ថា «យើងទទួលបានការហៅទូរស័ព្ទពីលើកពីប្រទេសចិន ពួកគត់ចង់ទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហើយយើងនឹងពិភាក្សាក្នុងពេលឆាប់ៗ​»។ ប៉ុន្តែឧបនាយករដ្ឋមន្ត្រីចិន លោក​Liu He បានលើកឡើងថា «ខ្ញុំមិនដឹងពីការហៅទូរស័ព្ទទៅកាន់ភាគីអាមេរិក កាលពីចុងសប្តាហ៍កន្លងមកនោះឡើយ តើអាចបញ្ជាក់ឲ្យបានច្បាស់ជាងនេះ​» ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រីចិន បានលើកឡើងថា អ្វីដែលយើងអាចនិយាយបានគឺជាភាពខុសគ្នាក្នុងវិស័យពាណិជ្ជកម្ម ដូច្នេះយើងចាំបាច់ត្រូវតែដោះស្រាយតាមរយៈកិច្ចពិភាក្សា ។ ការសម្រេចដំឡើងពន្ធរបស់ប្រធានាធិបតី ដូណាល់ ត្រាំគឺជាការបំពាននៅអ្វីដែលមេដឹកនាំទាំងពីរបានពិភាក្សាគ្នានៅទីក្រុងអូស្កា ប្រទេសជប៉ុន ​។ សកម្មភាពទាំងនោះរបស់អាមេរិក​ប៉ះពាល់ដល់សន្តិសុខ​សេដ្ឋកិច្ច ​ និងវិស័យឧស្សាហកម្មនៅទូទាំងពិភពលោក​។

ទំនាក់ទំនងពាណិជ្ជកម្មអាមេរិកចិន កាន់តែអាក្រក់ទៅៗ ក្រោយពេលដែល​អាមេរិក​ ប្រកាសដំឡើងពន្ធលើទំនិញនាំចូលទាំងអស់ពីចិន​មានតម្លៃ​៥៥០ពាន់លានដុល្លារ ។ សកម្មភាពរបស់ប្រធានាធិបតីដូណាល់ ត្រាំ អាចនឹងប៉ះពាក់ដោយផ្ទាល់ដល់សេដ្ឋកិច្ចអាមេរិក ដូចអ្វីដែលក្រុមអ្នកសេដ្ឋកិច្ចអាមេរិកព្យាការណ៍ថា​ សេដ្ឋកិច្ចអាមេរិក នឹងធ្លាក់ចុះនៅក្នុងឆ្នាំ​២០២០ ខាងមុខ។

ពាក់ព័ន្ធនឹងសង្គ្រាមពាណិជ្ជកម្ម លោកដូណាល់ ត្រាំ អាចនឹងប្រើ អំណាចបង្គាប់ឲ្យបណ្ដាក្រុមហ៊ុនអាមេរិកចាកចេញ ពីប្រទេសចិន តាមរយៈការប្រកាសពីភាពអាសន្ន ក្នុងនាមជាប្រធានាធិបតីអាមេរិក។

ថ្លែងប្រាប់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងសារបង្ហោះនៅលើ Twitter របស់លោក ដូណាល់ ត្រាំ រដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោក Steven Mnuchin បានគូសបញ្ជាក់ដូច្នេះថា៖ «គាត់ (លោក ត្រាំ) មិនទាន់ប្រកាសពីភាពអាសន្នណាមួយឡើយ…ប៉ុន្តែគាត់អាចនឹងប្រកាសពី ភាពអាសន្នមួយឡើងក្នុងករណីចាំចាច់ ហើយគាត់មានសិទ្ធិអំណាចធ្វើដូចនេះ»។

គួរបញ្ជាក់ថា ការលើកឡើងរបស់ លោក Steven Mnuchin ធ្វើឡើងឆ្លើយតបនឹងសំណួ អ្នកសារព័ត៌មាន បន្ទាប់ពីលោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យកន្លងទៅបានសរសេរសារមួយ បង្ហោះលើ Twitter ថា បានបង្គាប់ក្រុមហ៊ុនអាមេរិកពិចារណាចាកចេញពីប្រទេសចិន ហើយ មកបង្កើតរោងចក្រផលិត ផលិតផលរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិកវិញ៕


ចែករំលែក៖