ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌដូនពេញ ប្តេជ្ញាបន្តរៀបចំកំណាត់ផ្លូវលេខ១៤៨ និងផ្លូវមួយចំនួនទៀត ជុំវិញទីរួមផ្សារកណ្ដាល ឲ្យបានល្អប្រសើរឡើង

ចែករំលែក៖

ភ្នំពេញ៖ ចាប់តាំងពីទស្សវត្សទី៩០ មកដល់បច្ចុប្បន្ន បងប្អូនអាជីវករនៅផ្សារកណ្តាល នៅតែបន្តយកចំណីផ្លូវទាំងមូល នៃកំណាត់ផ្លូវលេខ១៤៨ ផ្លូវលេខ៥ និងផ្លូវលេខ១១ ជុំវិញផ្សារ ដើម្បីដាក់គ្រែចល័ត កញ្រ្ចែង ល្អីលក់ដូរដោយបិទផ្លូវទាំងមូល ២៤/២៤ម៉ោង មិនអាចឲ្យយានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់បានឡើយ ។

បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងយោងតាមសារាចរលេខ០១៣/១៨សណន ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានធ្វើការរៀបចំឲ្យបងប្អូនអាជីវករលក់ដូរនៅលើផ្លូវលេខ១៤៨ ពីលក់ដូរ ២៤/២៤ម៉ោង មកលក់ដូរត្រឹម ១២ម៉ោងវិញ ពោលគឺអនុញ្ញាតឲ្យមានការលក់ដូរចាប់ពីព្រឹក រហូតដល់ម៉ោង ១២,០០នាទីថ្ងៃត្រង់ បន្ទាប់មក សល់រយៈពេល ១២ម៉ោងទៀត កម្លាំងយើងធ្វើការប្រមូល ដឹកជញ្ជូនសំរាម បាញ់លាងសម្អាតលើផ្លូវនេះរួច នៅម៉ោង ១៤,០០នាទីតទៅ បើកឲ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍បាន ។

កិច្ចការចំពោះមុខ រដ្ឋបាលខណ្ឌនឹងបន្តរៀបចំកំណាត់ផ្លូវលេខ១៤៨ ដោយចាក់បេតុងឆ្អឹងដែកចាប់ពីផ្លូវលេខ៥ ដល់ផ្លូវលេខ១៣ ឲ្យបានស្អាតឡើងវិញ ក្នុងនោះ រដ្ឋបាលខណ្ឌ បានរៀបចំឲ្យបងប្អូនអាជីវករផ្លាស់ប្តូរទីតាំងលក់ដូរនៅលើកំណាត់ផ្លូវនេះទាំងស្រុង រួចអនុញ្ញាតឲ្យបងប្អូនទៅលក់ដូរនៅលើផ្លូវលេខ១៤៤ ចាប់ពីផ្លូវលេខ៥ ដល់ផ្លូវលេខ១៣ វិញ ហើយអនុញ្ញាតឲ្យលក់ដូររយៈពេល ១២ម៉ោង គឺលក់ដូរដូចផ្លូវលេខ១៤៨ បច្ចុប្បន្ន ដោយអនុវត្តតាមស្មារតីអង្គប្រជុំរបស់រដ្ឋបាលរាជធានីភ្នំពេញ ។

រដ្ឋបាលខណ្ឌ ក៏សង្ឃឹម និងជឿជាក់ថាបងប្អូនអាជីវករ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅ ចូលរួមអនុវត្តដោយការយោគយល់អធ្យាស្រ័យខ្ពស់ ចំពោះការរៀបចំរបស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ ក្នុងការស្ថាបនាផ្លូវជុំវិញផ្សារកណ្តាលឲ្យបានល្អប្រសើរឡើងវិញ ៕ ស តារា


ចែករំលែក៖