ព័ត៌មានទាន់ហេតុការណ៍៖

ឃើញម៉ូតូគេទុកក្បែរតូបលក់សាច់គោ ធ្វើសកម្មភាពលួច តែមិនសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ជិះម៉ូតូរបស់ខ្លួនមកឈប់ក្បែរតូបលក់សាច់គោ ខណៈឃើញម៉ូតូគេទុកក្បែរតូប មើលទៅទំនង ក៏ធ្វើសកម្មភាពលួចជិះចេញទៅបាត់ ធ្វើឲ្យបងប្អូនសាច់ញាតិខាងម្ចាស់ម៉ូតូដឹងក៏ផ្អើលឆោឡោ ជិះដេញតាម រហូតសមត្ថកិច្ចពួនស្ទាក់ឃាត់ខ្លួនបាននៅភូមិសាស្រ្តឃុំកោះធំ (ខ) ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៧និង២០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានឈ្មោះ ច្រិច ចិត្ត ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ទឹកកក នៅភ្នំពេញ បច្ចុប្បន្នស្នាក់នៅភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះឈ្មោះ រ៉ូន ស្រីយ៉ាស់ ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ មានទីលំនៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។ ដោយឡែកសម្ភារះដកហូតបានមាន៖ ម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ2016 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1R-8236 មានលេខតួ-លេខម៉ាស៊ីន 9458420 (បានប្រគល់ជូនជនរងគ្រោះវិញ) និងម៉ូតូម៉ូតូ១គ្រឿង ទៀត ម៉ាកហុងដាគុបមូលចាស់ គ្មានស្លាកលេខ និងដែកលួសចំនួន១ មានប្រវែង៩ សង់ទីម៉ែត្រ ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុខាងលើជនរងគ្រោះ បានជិះម៉ូតូរបស់ខ្លួន ទៅតូបលក់សាច់គោរបស់កូននៅឯភូមិ-ឃុំកើតហេតុ រួចក៏បានចតម៉ូតូទុកចោលនៅក្បែរនោះ រហូតមកដល់វេលាម៉ោង៧និង២០នាទី ស្រាប់តែជនសង្ស័យឈ្មោះ ច្រិច ចិត្ត បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាគុបមូលចាស់គ្មានស្លាកលេខ ដែលជារបស់រូបគេ ទៅដល់ចំណុចកើត ហេតុ រួចទុកចោល ហើយធ្វើសកម្មភាពលួចយកម៉ូតូម៉ាកហុងដាឌ្រីមសង់របស់ជនរងគ្រោះ ដោយផ្ដាច់ខ្សែភ្លើងម៉ូតូ រួចយកដែកលួសតភ្ជាប់ចរន្តបញ្ឆេះជិះឆ្ពោះទៅទិសខាងជើង (ជ្រៃធំ-ភ្នំពេញ) ខណៈជិះទៅដល់ផ្លូវចូលទៅវត្តព្រែកស្បូវ ជនសង្ស័យបានស្រាយកាងម៉ូតូទម្លាក់ចោល រួចជិះឆ្ពោះទៅ ដល់ចំណុចផ្សារកោះធំ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ក៏ត្រូវបានបងប្អូនជនរងគ្រោះ ជិះម៉ូតូដេញតាមទាន់ ធ្វើឲ្យជនសង្ស័យភ័យ ក៏ផ្តួលម៉ូតូចោល ហើយរត់គេចខ្លួន តែគេចមិនផុត សមត្ថកិច្ច រួមជាមួយក្រុមគ្រួសារជនរងគ្រោះបានស្វែងរកឃាត់ខ្លួនបាននៅភូមិសាស្រ្ត ឃុំកោះធំ (ខ) ។

បន្ទាប់ពីឃាត់ខ្លួនបាន ជនសង្ស័យ ត្រូវបានសមត្ថកិច្ច បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក រួចកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖